ព័ត៌មានជាតិ

កម្ពុជា បន្តប្រកាសមិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់

ភ្នំពេញ៖ កម្ពុជាបានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយកម្ពុជាក៏មិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់នោះទេ ។

ការប្រកាសរបស់កម្ពុជាខាងលើនេះ ធ្វើឡើងក្នុងពេលលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៣ មេសា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា នាថ្ងៃ២៣ មេសា បានឲ្យដឹងថា ភាគីកម្ពុជា បានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន ពីទឹកដីរបស់ប្រទេសចិន ។

កម្ពុជាក៏បានប្រកាសផងដែរ នូវការប្រឆាំងរាល់ការប៉ុនប៉ង ប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយ ជាមួយតែវ៉ាន់នោះទេ៕

To Top