ព័ត៌មានជាតិ

អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាគាំទ្រកម្ពុជា រៀបចំកីឡាយុវជន អូឡាំពិកអាស៊ី ឆ្នាំ២០២៩

ភ្នំពេញ៖ លោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្តេជ្ញាចូលរួមចំណែក ក្នុងការគាំទ្រដល់ការរៀបចំ កីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិត នៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗ បន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួត ។

ការប្តេជ្ញារបស់អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីខាងលើ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ២៣ មេសា ។

ក្នុងជំនួប លោក តាង ហ្គោដុន បានគូសរំលេចប្រាប់សម្តេចធិបតី អំពីការចូលរួមចំណែក របស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសចិន។

បន្ថែមលើនេះ លោកប្រាប់ពីកិច្ចសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តិការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះ លើកទី២ ដែលគ្រោងនឹងរៀបចំឡើង នៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។

លោកក៏បានគោរពប្រាប់សម្តេចធិបតី អំពីការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិត នៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួត នៅកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹង ផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការរៀបចំកីឡា យុវជនអាស៊ីឆ្នាំ២០២៩។

ជាមួយគ្នានេះ លោកក៏មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យកីឡានៅកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្ដើមបានមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម ចំណែករបស់លោកក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន នឹងត្រៀមខ្លួនក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះ ជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ សម្ដេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ហើយដោយផ្អែកលើបទពិសោធន៍ ដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។

បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងផងដែរថា ការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗ មិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឲ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា។ ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឲ្យមានការរៀបចំនូវ ព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗនៅកម្ពុជាជាបន្តបន្ទាប់ ។ ដោយសម្តេចធិបតី បានលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តឲ្យ លោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ជាពិសេសគាំទ្រដល់កម្មវិធី ហ្វឹកហាត់របស់អត្តពលិកកម្ពុជា នៅចិនជាបន្តទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែង ក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ ៕

To Top