ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹង នូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។

ការលើកឡើងរបស់ លោក អ៊ាង សុផល្លែតបែបនេះ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាព កសិអេកូឡូស៊ី នៅថ្ងៃ២២ មេសា ។
ការថ្លែងប្រកាសយ៉ាងម៉ឺងម៉ាត់ របស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពីវិធានការច្បាប់ យ៉ាងតឹងរ៉ឹងលើបទល្មើស ធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃ របស់រដ្ឋជាបន្តបន្ទាប់ ដោយខុសច្បាប់ ដែលជាក់ស្តែង នាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំង អំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃ ត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានដាក់យុទ្ធនាការបណ្ដុះកូនឈើ ១លានដើមយ៉ាងតិចក្នុង ១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត កាលពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា «សូមកុំអស់សង្ឃឹមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា បើទោះថាមានការបំភាន់ ឬការផ្សព្វផ្សាយមិនល្អពីកម្ពុជា ចំពោះការបាត់បង់ព្រៃឈើនេះក្តី ក៏សកម្មភាពដ៏ស្រស់ស្អាតចេញពីបេះដូងខ្មែរ និងប្រកបដោយភាពបៃតង ពីក្នុងចំណោមយុវជន និងប្រជាពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើ នៅតែចែងចាំង និងជះពន្លឺបៃតងជានិច្ច។ យើងរួមគ្នាឆ្ពោះទៅមុខ ដើម្បីពង្រីកគម្របព្រៃឈើឲ្យបានជាង ៦០% នៅឆ្នាំ២០៥០ ហើយយើងទាំងអស់គ្នាធ្វើបាន ពីព្រោះសិស្សានុសិស្សជាង៣លាននាក់ កំពុងរង់ចាំជួយដាំ និងការពារ ថែទាំព្រៃឈើរបស់ខ្មែរយើង»។

លោកថា លើសពីនេះ ក៏មានអ្នក វិនិយោគបរទេស និងដៃគូអភិឌ្ឍន៍ជាច្រើន បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធសាស្រ្ត បញ្ចកោណរបស់ជាតិ ដូចនេះ កុំយកអតីតកាល មកកំណត់អនាគត របស់កម្ពុជា តែត្រូវយកទង្វើនាពេលបច្ចុប្បន្ន ដែលកំពុងកើតឡើង មកធ្វើជាកត្តាវាស់វែង ដើម្បីឈានឆ្ពោះទៅសមិទ្ធផល គួរជាទីមោទកនាពេលអនាគត សម្រាប់អ្នកជំនាន់ក្រោយ របស់ប្រជាជាតិកម្ពុជាវិញ ៕
