ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម

កំពង់ចាម ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បំពាក់ឋានន្តរសក្តិជូនដល់ លោក ថេង ឆេងលីម និងប្រកាសផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ សោ សាវឿន ប្តូរទៅទទួលការងារថ្មី ។

ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនទៀត ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោរពយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមគោលការណ៍ច្បាប់បទបញ្ជា ក្រមសីលធម៌ វិជ្ជាជីវៈ។នាយទាហាន ពលទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ លះបង់ មានឆន្ទៈខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយមោទនៈភាព ។

លោកអភិបាលខេត្ត បានថ្លែងកោតសរសើរផងដែរ ចំពោះលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលក្នុងការបំពេញតួនាទី ដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្ត សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិរបស់ខ្លួនកន្លងមក។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ផ្ដាំផ្ញើដល់កម្លាំងប្រដាប់អាវុធ នៃកងរាជអាវុធហត្ថទាំងអស់ សូមឈរនៅទីខ្ពស់ សម្លឹងឱ្យបានឆ្ងាយ និងពិនិត្យមើលឱ្យបានច្បាស់នូវប្រភពនៃបញ្ហា ដែលបានកើតឡើងនៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ និងភ្ជាប់មកជាមួយប្រទេសកម្ពុជារបស់យើង ដើម្បីធ្វើការពិចារណា ឲ្យបានជ្រះថ្លា ដើម្បីកសាងនូវកម្លាំងរួមមួយ ពោលគឺ មហាសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយបន្តថែរក្សាសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជំរុញការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងកសាងប្រទេសកម្ពុជាឲ្យបានជឿនលឿន បន្ថែមទៀតសម្រាប់ថ្ងៃអនាគត ៕

To Top