ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋឡាវ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

ក្នុងជំនួបនោះដែរ សម្តេចរដ្ឋសភាធិបតី បានគាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន ៧ លើវិស័យសំខាន់ៗ ក្នុងនោះមាន វិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញ ដូរគ្រឿងញៀន និងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។

លោកប្រធានរដ្ឋ ក៏បានអបអរសាទរ ចំពោះវឌ្ឍនភាព របស់កម្ពុជា នៅលើគ្រប់វិស័យ ។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ បានរំលឹកពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីរវាងកម្ពុជា និងឡាវ ដែលមានតំាងពីយូរយារណាស់មកហើយ។
លោកប្រធានរដ្ឋ គូសបញ្ជាក់ថា «កម្ពុជា និងឡាវជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា ដែលបានកៀកស្មា ពួតដៃគ្នាតស៊ូដណ្តើមឯករាជ្យ ជូនប្រទេសជាតិរៀងៗខ្លួន ។ ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។

លោកប្រធានរដ្ឋ ក៏បានបានស្នើ សម្តេចប្រធានរដ្ឋសភា បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅនិងសកម្មឡើង ជាមួយរដ្ឋសភាឡាវ ដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រជាជននិងប្រទេសជាតិ ទំាងសងខាង និងបានស្នើដល់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ ដល់រដ្ឋសភាឡាវ នៅគ្រប់កម្រិត និងគ្រប់ជំនាញ ៕
