ភ្នំពេញ ៖ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។
នាឱកាសអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ លោក Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន នាថ្ងៃ២៤ មេសា លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ចិន ចំពោះកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី។ លោកថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន ហើយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសចរចិននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។
លោក ប្រាក់ សុខុន បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ និងអបអរសាទរនូវជោគជ័យនៃរៀបចំមហាសន្និបាតសភាចិនទាំងពីរ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់ ប្រធានាធិបតី ស៊ី ជីនពីង ប្រទសចិននឹងបន្តសម្រេចផែនការទំនើបកម្មចិនគ្រប់វិស័យ ជាពិសេសឈានទៅសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០៤៩ ក្នុងការប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និងសុខដុមរមនា។
លោកបានថ្លែងអំណរគុណដល់ប្រទេសចិន បានគាំទ្រប្រទេសកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអគុណចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យមានការរីកចម្រើន។ ជាងនេះទៅទៀត លោកបានសម្តែងក្តីរីករាយដែលឃើញទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ មានការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ លោក ប្រាក់ សុខុន បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។
ក្នុងឱកាសនោះដែរ លោក Zhang Qingli បានឲ្យដឹងថា ចិនបានចាត់ទុកកម្ពុជាជាអ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីយូរលង់ណាស់មកហើយ ដោយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នា គាំទ្រគ្នាទៅវិញទៅមក និងបានបង្កើតគំរូនៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និងប្រទេសតូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕