ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ២៣ មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២០៨៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសប្តាហ៍នេះ មុននឹងឈានចូលខ្លឹមសារឯកសារបណ្តុះបណ្តាល សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកសរសើរដល់បុគ្គលិក មន្ត្រីរាជការសុខាភិបាល ដែលបានខិតខំបំពេញការងារ ការពារសុខភាពប្រជាពលរដ្ឋ ដោយបានសហការយ៉ាងល្អជាមួយគ្រប់ស្ថាបន័ទាំងអស់កំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងកន្លងថ្មីៗនេះ។
ខ្លឹមសារចម្បងក្នុងវគ្គបណ្តុះបណ្តាលសំដៅលើការផ្តល់ជូនអំពីវិធីសាស្ត្រទាំងប្រាំដែលជាសមត្ថភាពគ្រប់គ្រង និងដោះស្រាយករណីទំនាស់ ឬជម្លោះនៅទីកន្លែងធ្វើការ ដែលជាបទពិសោធន៍ល្អៗបាន និងកំពុងអនុវត្តន៍នៅគ្រប់បណ្តាប្រទេសលើសាកលលោក ដើម្បីរក្សាបានល្បឿននៃវឌ្ឍនភាពការងារក្នុងអង្គភាព ស្ថាប័ននីមួយៗ។
វិធីសាស្ត្រទាំង៥ដូចជា ១). ការប្រកួតប្រជែងដែលមានជំនឿទុកចិត្តកម្រិតខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការតិចតួច (Competing style) , ២). កិច្ចសហប្រតិបត្តិការបំពេញចិត្តភាគីទាំងសងខាង ឲ្យការចរចារក្សានូវមិត្តភាព និងរក្សាបានទំនាក់ទំនងខាងមុខ (Collaborating style) , ៣). ការសម្របសម្រួលដោយស្វែងរកជំហរនៅចន្លោះកណ្តាល (Compromising style) , ៤). ការជៀសវាងមិនចូលក្នុងជម្លោះ ដែលមានគោលដៅចម្បង គឺការពន្យារពេលវេលា (Avoiding style) និងទី៥). ការទទួលយកបញ្ហាដែលព្រមបណ្តោយឲ្យកង្វល់នានារបស់ខ្លួន តែទៅបំពេញចិត្តនូវអ្វីដែលជាការព្រួយបារម្ភរបស់អ្នកផ្សេង (Accommodating style) ៕