ភ្នំពេញ ៖ រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។
នេះបើយោងតាមខ្លឹមសារនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
សំណើទាំង ៣ចំណុច ដែលស្នើឡើងដោយ លោកឧបនាយករដ្ឋមន្ត្រី និងទទួលបានការឯកភាពគាំទ្រពីភាគីស្វីសនោះ គឺទី១-ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសនានាដែលជាតម្រូវការចាំបាច់ ទី២-ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ ក៏និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងទី៣-ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ក្នុងជំនួបនោះដែរ លោក Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងគណៈប្រតិភូកម្ពុជា និងបានចូលរួមអបអរសាទរ លោក ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹមនិងជឿជាក់ថា លោក នឹងដឹកនាំក្រសួងមហាផ្ទៃប្រកបដោយជោគជ័យ។
លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម ខណៈក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការទទួកយកសំំណើរទាំង៣របស់កម្ពុជា។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា៕