ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូន ឬយុវជន ឲ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងលើកចិត្តពួកគាត់ ឲ្យសិក្សាកម្មវិធីនេះបានចប់សព្វគ្រប់។
តាមរយៈសារាចរស្ដីពី ការរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ «រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារធ្វើ» សម្ដេចធិបតីបានអំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការគាំទ្រ និងអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញយុវជនឲ្យមកចុះឈ្មោះ ចូលរៀនក្នុងកម្មវិធីនេះកាន់តែច្រើនឡើង។
សម្ដេចធិបតីបន្ដថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ ត្រូវជំរុញគ្រូបច្ចេកទេសឲ្យបង្កើន ការស្រាវជ្រាវ និងកិច្ចសហការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាននូវ ចំណេះដឹងថ្មីៗទាក់ទងនឹង បច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការទីផ្សារ ការងារជាក់ស្តែង ហើយ ធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មីៗ ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយ បង្ហាត់បង្រៀនដល់សិស្ស និស្សិតឲ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយ គុណភាពខ្ពស់។
សម្ដេចធិបតី បន្ថែមថា សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្តល់ឱកាសដល់សិស្ស និស្សិត បានចុះអនុវត្តកម្មវិធីហាត់ការនិងកម្មសិក្សា ដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយ ការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសជ្រើសរើស សិស្ស និស្សិត ដែលកំពុងហាត់ការឬអនុវត្តកម្មសិក្សាដែលយល់អំពីការងារស្រាប់មកធ្វើជាបុគ្គលិក របស់ខ្លួន។
សម្ដេចធិបតីគូសបញ្ជាក់ថា «អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូនឬយុវជនឲ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស និងលើកទឹកចិត្តពួកគាត់ឲ្យសិក្សាកម្មវិធីនេះ ឲ្យបានចប់សព្វគ្រប់ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល «រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានកំណត់ យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យបានយល់ អំពីសារៈសំខាន់នៃ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវ៉េត (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស៕