ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា លើកទឹកចិត្តឲ្យពលរដ្ឋត្រឡប់មកពីព្រៃ ទៅធ្វើតេស្ដរកជំងឺគ្រុនចាញ់

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញប្រារព្ធ«ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ » ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់​នាថ្ងៃ២៤ មេសា ក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋដែលត្រឡប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញហើយ ត្រូវព្យាបាលតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់។

លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្តថា កម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ ហើយដើម្បីឈានទៅសម្រេចនូវគោលខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ , ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់ និងទី៣៖ ផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវ នវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឲ្យបានលឿន និងទាន់ពេលវេលា។

សម្រាប់ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះដែរ លោកសាស្ត្រាចារ្យក៏បានបញ្ជាក់ថា សម្រាប់កម្ពុជា បានប្រារព្ធឡើងមុនមួយថ្ងៃនេះ ដើម្បីបញ្ជាក់អំពីភាពបុរេសកម្មរបស់ប្រជាពលរដ្ឋ និងភ្នាក់ងារ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ សាស្ត្រាចារ្យ ឈាង រ៉ា ក៏បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»។

ជាចុងក្រោយ សាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ពិសេសការទទួលបានជោគជ័យ៣ឆ្នាំជាប់គ្នាមកនេះ ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ៕

To Top