ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការ បញ្ចុះតម្លៃ២០% រយៈពេល ៦ខែទៀត

ភ្នំពេញ ៖ ដើម្បីថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជំរុញ ដល់វិស័យដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការ បញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗ គ្នាជូនអតិថិជន ។

ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ កាលពីទើបតែបើកសាកល្ប ដំបូងនាចុងឆ្នាំ២០២២ ក៏បានបើកឲ្យធ្វើដំណើរ ដោយមិនបង់ប្រាក់ខែរយៈពេល១ខែ ហើយបន្ទាប់មកក៏បានបញ្ចុះតម្លៃ២០ភាគរយៈ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃ៣១ វិច្ឆិកា ២០២២ ដល់ថ្ងៃ៣១ តុលា ២០២៣ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី២៤ មេសា បានឲ្យដឹងថា ការបញ្ចុះតម្លៃនេះ បានបែងចែកចេញជាដំណាក់កាល និងតាមគោលការណ៍ ដូចជា៖

១- បន្តរក្សាការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជន ដែលប្រើប្រាស់គន្លង ETC និង ANPR ដែលគិតចាប់ពីថ្ងៃប្រកាស សេចក្តីជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤៖០០នាទី ។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី ថ្លៃសេវាធ្វើដំណើរនឹង ត្រឡប់មកតម្លៃដើមវិញ។

២- ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរ មកតម្លៃដើមវិញចាប់ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី ។

៣- ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ តទៅ សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន ២០ដុល្លារ។ សាធារណជនគ្រប់រូប អាចធ្វើការស្នើសុំឧបករណ៍ ETC បាននៅតាមអគាររដ្ឋបាល នៅគ្រប់ច្រកចូលផ្លូវល្បឿន លឿន និង មជ្ឈមណ្ឌលផ្តល់ សេវាកម្ម ETC ដែលមានទីតាំង នៅខាងស្តាំ ដៃបញ្ចរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។ ក្រុមហ៊ុនលើកទឹកចិត្ត ឲ្យសាធារណជនទាំងអស់គ្នា បំពាក់ឧបករណ៍ ETC បានកាន់តែច្រើន ដើម្បីទទួលបានការបញ្ចុះតម្លៃ បង្កើនប្រសិទ្ធភាពចរាចរណ៍ និងកាត់បន្ថយ ការកកស្ទះ ។

៤- ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវ VIP មិនទទួលផលប៉ះពាល់ ពីគោលការណ៍ខាងលើឡើយ ដោយក្រុមហ៊ុននឹង បន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀងដែលភាគី ទាំងពីរបានចុះហត្ថលេខា៕

To Top