ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ដំណើរ ទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកស្រី កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់បន្តដំណើរ មកដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។

នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចាប់ផ្ដើមទស្សនកិច្ចការងារដោយអញ្ជើញ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ស្ដាប់បទបង្ហាញលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យមហាផ្ទៃដោយវាគ្មិនជំនាញៗ ព្រមទាំងអញ្ជើញទស្សនកិច្ច សិក្សានៅតាមទីតាំងមួយចំនួនទៀត។

គួរកត់សម្គាល់ថា ទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកស្រី នៅសហព័ន្ធស្វីស និងអាល្លឺម៉ង់ នាឱកាសនេះ មានគោលដៅដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំងពីរ សម្រាប់ការបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា។

មុនបន្តដំណើរពីសហព័ន្ធស្វីស មកកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកស្រី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារសាមគ្គីពេលល្ងាចផ្លូវការ រៀបចំដោយលោក Arno Wicki ឧបការីអគ្គនាយក នៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែក អាស៊ី-អាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។

ក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ដែលបានយកចិត្តទុកដាក់ ផ្ដល់កិច្ចសហប្រតិបត្តិការ និង ជំនួយជាបន្តបន្ទាប់ ដល់ប្រទេសកម្ពុជា ជាពិសេសបានសម្របសម្រួលដំណើរ ទស្សនកិច្ចជូនគណៈប្រតិភូ កម្ពុជានៅសហព័ន្ធស្វីស ប្រកបដោយជោគជ័យ៕


