ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ណែនាំមន្រ្តីឲ្យយកចិត្តទុកដាក់ លើសុខទុក្ខពលរដ្ឋ នៅតំបន់ជនបទ ពិសេសបញ្ហាកង្វះទឹកប្រើប្រាស់ រដូវប្រាំងនេះ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើក៏ដូចជាការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ជាពិសេស នៅខណៈដែលពួកគាត់កំពុងប្រឈមនឹង ការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោក រដ្ឋមន្រ្តី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំថ្មី ព្រមទាំងបានស្នើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ជាពិសេសនៅខណៈ ដែលពួកគាត់កំពុងប្រឈមនឹង ការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងនេះ ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តសេចក្តីណែនាំ ស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស។ ជាពិសេស នាយកដ្ឋានជំនាញ ត្រូវគិតគូររៀបចំដាក់ចេញ នូវសេចក្ដីណែនាំខ្លីៗ ពាក់ព័ន្ធនឹងការថែទាំ និងការប្រើប្រាស់អណ្ដូងឱ្យមានប្រសិទ្ធភាព និងនិរន្ដរភាព។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ​ ស្តីអំពីការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង​ នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំង មន្ដ្រីឱ្យត្រូវតាមជំនាញ និងមានចំនួនគ្រប់គ្រាន់។

លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់ការរៀបចំគោល នយោបាយជាតិ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួម អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top