ភ្នំពេញ៖ លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈសមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញពីភាពរីកចម្រើន លើវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ គួរឲ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ។
ការលើកឡើងអភិបាលរងខាងលើនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោក អ៉ីមរ៉ន ហាស្សាន់ បានលើកឡើងថា តាមរយៈ សមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គឺពិតជាបានបង្ហាញឲ្យឃើញ ពីភាពរីកចម្រើន លើវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ គួរឲ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ ជាក់ស្តែងការសំរាលកូន នៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យារកំណើត ការពិនិត្យផ្ទៃពោះមុនសំរាល ដោយបុគ្គលិកសុខាភិបាល កុមារអាយុ ក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេង និងវ៉ាក់សាំងការពារជំងឺកញ្ជ្រោល បានកើនឡើងជាលំដាប់។
លោកបានបន្តថា ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរងមន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាល ជំងឺត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់ខែ។
លោកថា ការរីកចម្រើនទាំងអស់នេះ គឺច្បាស់ណាស់ កើតចេញមកពី កិច្ចសហការល្អរវាងក្រសួងសុខា
ភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍ វិស័យសុខាភិបាលនានា ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ វិស័យសុខាភិបាល នៅក្នុងរាជធានីភ្នំពេញ។
ដោយឡែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ទីរ បានទទួលពិនិត្យពិគ្រោះ ជំងឺថ្មីជូនប្រជាពលរដ្ឋចំនួន ៤៦២.០៩៤ ករណី បានផ្តល់សេវាសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកទាំង០៨ ចំនួន ១២.៥៣៦នាក់។ បានផ្តល់សេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងថែទាំទារក ដែលបានជួយកាត់បន្ថយអត្រាមរណៈភាព ។
លោកបថា សមិទ្ធផលដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី សម្រេចបានក្នុងឆ្នាំ២០២៣នេះ បាន មកពីការខិតខំប្រឹងប្រែង របស់មន្ត្រីសុខាភិបាលគ្រប់រូបដោយមានការគាំទ្រ ពីអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនានា និងការចូលរួមរបស់ សហគមន៍៕