ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានកោតសរសើរចំពោះកម្ពុជា ដោយហេតុថា ពិភពលោកស្ថិតក្នុងភាពច្របូកច្របល់ នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែកម្ពុជា បានរៀបចំយ៉ាងល្អប្រសើរ ក្នុងការទទួលប្រធានាធិបតី Joe Biden នាពេលកន្លងទៅ។
ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងជំនួបជួបសម្ដែងការគួរសម និងជម្រាបលា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងជំនួបនាឱកាសនេះ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកម្មវិធីជំនួយបរទេសនានា (Foreign Assistance) កត់សម្គាល់ដូចជាគម្រោង “USAID” ជាដើម ដែលគម្រោងទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារជាច្រើន ពង្រឹងសមត្ថភាពយុវជនកម្ពុជា ព្រមទាំងអាចរួមចំណែកជំរុញឱ្យកម្ពុជាសម្រេចបាននូវផែនការជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០របស់ខ្លួនផងដែរ។
បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរកម្ពុជា ដោយហេតុថា «ស្របពេលដែលពិភពលោកស្ថិតក្នុងភាពច្របូកច្របល់នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងនោះ កម្ពុជាបានរៀបចំយ៉ាងល្អប្រសើរក្នុងការទទួលប្រធានាធិបតី Joe Biden នាពេលកន្លងទៅ ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ផងដែរ»។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានសម្រេចជោគជ័យក្នុងការបំពេញបេសកកម្មការងារនៅកម្ពុជា ពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការនានា និងការចូលរួមក្នុងការកសាងសមត្ថភាពយុវជនកម្ពុជាជាច្រើនផងដែរ។ ឆ្លៀតពេលក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការកសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្រមខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតផងដែរ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕