ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លើកចិត្តដល់ប្រជាពលរដ្ឋ បន្តចូលរួមចំណែកក្នុងការបរិច្ចាគឈាម ឱ្យក្លាយជាទម្លាប់ដ៏ប្រពៃ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែក ក្នុងការបរិច្ចាគឈាម ឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយ៉ាងផុលផុសបន្ថែមទៀត។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គចិត្ត នៅថៃ្ងព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា កម្មវិធីបរិច្ចាគឈាម នាពេលនេះ គឺជាការលើកទឹកចិត្តដល់សប្បុរសជនដែលស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ ដើម្បីជួយដល់អ្នកជំងឺកំពុងរង់ចាំការ ជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្ត្រីថែទាំទាំងឡាយជាមួយនឹងឈាម ដែលជាឱសថដ៏មានតម្លៃឧត្តុង្គឧត្តមបំផុតលោកនេះពុំមានមន្ទីរពិសោធន៍ណាអាចផលិតឈាមបាននៅឡើយ។

លោកសាស្ត្រាចារ្យ រដ្ឋមន្ដ្រី ពិតជាមានមោទកភាពណាស់ ដែលបណ្តាក្រសួង អង្គភាពនានា ជាពិសេស មន្ទីរពេទ្យថ្នាក់ជាតិ និងមូលដ្ឋានសុខាភិបាល ទាំងឡាយ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខិតខំសហការជាមួយអង្គភាពទូទាំងប្រទេស ក្រោមឱវាទក្រសួងសុខាភិបាល បានផ្តួចផ្តើមបំផុសស្មារតីឱ្យមានការ ចូលរួមស្ម័គ្រ ចិត្តបរិច្ចាគឈាម ចាប់តាំងពីថ្នាក់ដឹកនាំអង្គភាព រហូតដល់មន្ត្រីរាជការបុគ្គលិក កម្មករ-កម្មការិនី និងកៀរគរសប្បុរសជនទាំងឡាយមកចូលរួម ក្នុងវេលានេះ។

លោកសាស្ត្រាចារ្យ រដ្ឋមន្ដ្រី មានប្រសាសន៍ថា «សូមលើកទឹកចិត្តបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម សូមបន្តចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយ៉ាងផុលផុសបន្ថែមទៀត។ កិច្ចការដែលយើងទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាប្រយោជន៍ជូនដល់អ្នកជំងឺ ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះជីវិតបានម្នាក់»។

លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា នេះគឺជាលើកទី១០ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងបានរៀបចំកម្មវិធីបរិច្ចាគ ឈាម ជារៀងរាល់ឆ្នាំរហូតមក ដោយមានការចូលរួម បរិច្ចាគឈាមពីថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត រួមទាំងបងប្អូនសប្បុរសជននានា ជាក្រុមគ្រួសារ និងសាច់ញាតិ របស់អ្នកជំងឺកំពុងសម្រាកក្នុងមន្ទីរពេទ្យផងដែរ ដើម្បីបង្ហាញពីក្តីសេចក្តីស្រឡាញ់ និងទឹកចិត្តលះបង់ ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ បន្ថែមពីលើភារកិច្ចពិនិត្យព្យាបាល និងថែទាំអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការ បរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ រួមចំណែកជួយង្គ្រោះជីវិតជនរងគ្រោះដោយក្តី ស ប្បុរស។

លោកវេជ្ជបណ្ឌិត បន្ដថា យុទ្ធនាការ « រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត »ថ្ងៃនេះ គឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ៖

ទី១៖ បង្កើត ទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើក កម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាម គ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតាដែលកំពុង ត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬ សាសនា។

ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

នាឱកាសនោះដែរ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានសោមនស្សរីករាយ បានមកចូលរួមជាថ្មីម្តងទៀត ជាមួយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាកម្មវិធីប្រចាំឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការ រវាង មន្ទីរពេទ្យកាល់ម៉ែត, មជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងមូលនិធិ២៥រៀល នៃក្រុមហ៊ុនទឹកពិសាវីតាល់ ដែលបានរៀបចំឡើងយ៉ាងទៀតទាត់ជារៀងរាល់ឆ្នាំ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាលម៉ែត ដែលបានផ្តល់ការគាំទ្រ និងលទ្ធភាពឱ្យ “មូលនិធិ២៥រៀល វីតាល់ នឹងបន្តបេសកម្មចូលរួមឧបត្ថម្ភគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សាសន្ធិធីឈាមសុវត្ថិភាពសម្រាប់អ្នកជំងឺប្រើប្រាស់ ។ ជាមួយគ្នានេះលោកស្រី សូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមឱ្យបានផុលផុស ដើម្បីជាចលករជម្រុញដល់វប្បធម៍ នៃការរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះមនុស្សជាតិ ។

ជាមួយគ្នានេះអ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិសកលកូវីដ១៩ បច្ចុប្បន្ននេះចលនានៃការរៀបចំកម្មវិធីបរិច្ចាគឈាមពីសំណាក មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ឯកជន មានការរៀបចំយ៉ាងផុលផុស ដែលនេះគឺជាចលករ កើតចេញពីការជម្រុញ, ការលើកទឹកចិត្ត, និងក្រោមការចង្ហុលបង្ហាញ ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដែលលោកបានផ្តល់ការគាំទ្រ និងចូលរួមយ៉ាងសកម្មជាដរាប ក្នុងសកម្មភាព នៃយុទ្ធការ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។

លោកស្រី បន្ថែមថា ដើម្បីធានាបាននូវសន្និធីឈាម ក្នុងស្ថានភាពល្អប្រសើរ គឺមានតែយើងទាំងអស់គ្នា ជាឯកត្តបុគ្គល និងវិស័យឯកជន បន្តរៀបចំ ផ្តួចផ្តើមឱ្យមានកម្មវិធីបរិច្ចាគឈាមតាមអង្គភាព និងទីកន្លែងរៀងៗខ្លួនឱ្យទៀងទាត់ ក្នុងន័យបំផុសចលនា នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាបុណ្យកុសល ក៏ដូចជាការចូលរួមចំណែកបំពេញបន្ថែមនូវស្តុកឈាមសុវត្ថិភាព សម្រាប់ការប្រើប្រាស់ជាចាំបាច់ របស់អ្នកជំងឺ និងអ្នកមានតម្រូវការឈាម ព្រោះយើងទាំងអស់គ្នាបានដឹងរួចមកហើយ ឈាមនៅតែពុំអាចផលិតឡើង ដោយរោងចក្រនោះទេ ប្រភពតែមួយគត់ ដែលអាចធ្វើបានគឺការបរិច្ចាគ ដោយស្ម័គ្រចិត្តពីយើងទាំងអស់គ្នា ៕

To Top