ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សិល្បករមួយរូបៗ សុទ្ធតែជាឯកអគ្គរាជទូត តំណាងវប្បធម៌ខ្មែរ នៅលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងបំផុសកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណ និងភាពរុងរឿងសារជាថ្មី និងក្ដីស្រឡាញ់។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោក គ្រូអ្នកគ្រូ សិល្បករ សិល្បការិនី នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា តួនាទីរបស់សិល្បករ សិល្បការិនី កាន់តែមានភាពសារៈសំខាន់ខ្លាំងៗ ជាពិសេសសិល្បករមួយរូបៗសុទ្ធតែជា ឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ នេះបំផុសកាន់តែខ្ពស់ឡើង អត្តសញ្ញាណ និងភាពរុងរឿងសាជាថ្មី និងក្ដីស្រឡាញ់ នៃការការពារវប្បធម៌ឱ្យកាន់តែខ្លាំងក្លាសម្បើម»។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ដថា ការធ្វើសមាហរណកម្មវិស័យវប្បធម៌ចូលទៅក្នុងពិភពលោក គឺបង្កើតបានជាឱកាសឱ្យកម្ពុជា អាចបង្ហាញអ្វីដែលខ្មែរមាន អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរនៅលើឆាកអន្តរជាតិ។
សម្ដេច បានបន្ថែមថា ការសម្ដែងរបាំខ្មែរជាច្រើននៅលើវេទិកាជាតិ និងអន្តរជាតិជាច្រើន បាននាំប្រពៃណីវប្បធម៌របស់កម្ពុជា។
សម្ដេច បន្ថែមទៀតថា របាំជូនពរ របាំសហសម័យ ចម្រៀងសម័យនៅកម្ពុជា នៅក្រៅប្រទេសតាមវេទិកាផ្សេងៗ ទៅបង្ហាញអន្តរជាតិ ការរៀបចំពិធីដាក់តាំងពិពណ៌រណ៍ផ្សេងៗ ដែលមានរូបចម្លាក់ខ្មែរនៅគ្រប់ពិព័រណ៍អន្តរជាតិ ភាពយន្តខ្មែរដែលបានដាក់បញ្ចាំងនៅអន្តរជាតិ ភាពយន្តខ្មែរដែលថតពីកម្ពុជា បានអនុញ្ញាតឱ្យនាំយកនូវវប្បធម៌សិល្បៈរបស់ខ្មែរទៅបង្ហាញបរទេស៕