ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំការងារ ប្រចាំខែមេសា ឆ្នាំ២០២៤

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួងសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់បណ្តាខេត្តរាជធានី ប្រកាន់ខ្ជាប់នូវ ភាពម៉ឹងម៉ាត់ និង ទំនួលខុសត្រូវខ្ពស់ ក្នុងការងារឲ្យបានខ្ជាប់ខ្ជួន ជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តការងារ តាមការបែងចែក តួនាទី និង ភារកិច្ចរបស់ខ្លួន និងកាន់តែបន្តខិតខំ តាមដានវាយតម្លៃលទ្ធផល ដែលទទួលបាន ជាបន្តបន្ទាប់។

ជាកិច្ចបន្ទាប់ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនវេទិកាទៅថ្នាក់ដឹកនាំ រាយការណ៍នូវវឌ្ឍនភាពការងារ ដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារ ដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានាក្រោយការរាយការណ៍ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ ចំពោះការតម្រង់ទិស ក្នុងការអនុវត្តការងារ ឲ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋាន សុខាភិបាល ដែលជាយុទ្ធសាស្រ្ត អាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕

To Top