ភ្នំពេញ ៖ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម លើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត” ដែលមានការសហការគាំទ្រដោយ ក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) និងចូលរួមសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមទាំងមន្ទីរពេទ្យជាតិនានា និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ពិធីដ៏មានសារៈសំខាន់នេះក៏មានព្រះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះវត្តមានរបស់ព្រះតេជគុណ នាពេលនេះ គឺជាការលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ តាមរយះការលះបង់លោហិតរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺ ដែលលោកកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្រ្តីថែទាំគ្រប់ថានានុក្រមទទួលខុសត្រូវ ជាមួយនឹងឈាមដែលជាឱសថមានគុណតម្លៃឧត្តុង្គឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាអាចផលិតឈាមបាននៅឡើយ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ ជាពិធីដ៏មានគុណតម្លៃជាកុសលផលបុណ្យដ៏ប្រសើរ និងពិតជាកាយវិការមនុស្សធម៌គំរូ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ក្នុងពេលវេលាដែល មន្ត្រី បុគ្គលិករបស់មន្ទីរពេទ្យគ្រប់ឋានានុក្រម កំពុងតែមមាញឹកក្នុងការសង្គ្រោះអាយុជីវិត ថែទាំ និងព្យាបាលអ្នកជំងឺយើង ដោយប្រើអស់កម្លាំងកាយ កម្លាំងចិត្ដ ក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះ បានបន្តស្ម័គ្រចិត្ដមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតបងប្អូនអ្នកជំងឺ ដោយផ្ទាល់ថែមទៀតផង។

សាស្ត្រាចារ្យរដ្ឋមន្រ្តី លើកទឹកចិត្ដទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម បន្ដចូលរួមចំណែកក្នុងការបរិច្ចាគឈាមឲ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុសបន្ថែមទៀត។ កិច្ចការដែលទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាគុណប្រយោជន៍ជូនដល់អ្នកជំងឺ ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះអាយុជីវិតបានមួយនាក់។

ក្នុងឱកាសនោះដែរ សាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានផ្ដើមស្ម័គ្រចិត្ដធ្វើការបរិច្ចាគឈាមដោយផ្ទាល់ ជាមួយបុគ្គលិក មន្រ្តីរាជការក្រសួង មន្ទីរពេទ្យជាតិ រួមជាមួយនឹង ក្រុមគ្រួសារញាតិមិត្ដនៃអ្នកជំងឺ ដែលកំពុងត្រូវបានកំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងនៅបណ្តាមន្ទីរពេទ្យផ្សេងៗផងដែរ។

ជាមួយគ្នានោះ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុនវីតាល់ និងមូលនិធិ ២៥រៀល នឹងបន្តចូលរួមគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបង្កើតគម្រោងថ្មីៗ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបបញ្ហានានា ពិសេសជាមួយយុទ្ធនាការទទួលអំណោយឈាមដោយស្ម័គ្រចិត្ត និងក្តីមេត្តាករុណា៕





