ព័ត៌មានជាតិ

អាជ្ញាធរមីន ឲ្យប្រុងប្រយ័ត្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈថ្មីៗនេះមានអ្នករងរបួស និងបាត់បង់ជីវិតជាច្រើន

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះ មានករណីពលរដ្ឋយកគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាន់ គប់ ដំ គ្រវែង និងកែច្នៃ បណ្តាលឲ្យគ្រោះថ្នាក់កើតឡើងជារបួសស្នាម និងរហូតដល់បាត់បង់អាយុជីវិតជាច្រើននាក់។

តាមរយៈសេចក្ដីអំពាវនាវរបស់អាជ្ញាធរមីនថ្មីៗនេះ បានឲ្យដឹងថា ទោះបីសង្គ្រាមនៅកម្ពុជា បានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយប្រតិបត្តិករជាតិ- អន្តរជាតិខិតខំបំពេញ បេសកកម្មបោសសម្អាតយុទ្ធភណ្ឌ ដែលនៅសេសសល់ពីសង្គ្រាម យ៉ាងសស្រាក់សស្រាំក៏ដោយ ប៉ុន្តែវិសាលភាពនៃសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះមានទំហំធំធេង ស្ថិតនៅរាយប៉ាយលើទឹកដីកម្ពុជា។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ អាជ្ញាធរកម្ពុជាគ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីនបានអំពាវនាវពលរដ្ឋ នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ កុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឲ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយក គ្រាប់ទាំងនោះទៅកម្ទេចចោល។

កុំចូលទៅតំបន់ណាដែលមិនស្គាល់ ទីតាំងភូមិសាស្ត្រច្បាស់លាស់ វាអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។ កុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី ។ កុំទិញលក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង ៕

To Top