ភ្នំពេញ ៖ សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានថ្លែងអំពាវនាវ ឲ្យបន្តចូលរួមថែរក្សាមរតក ប្រពៃណី និងទំនៀមទំលាប់ ក្នុងវិស័យពុទ្ធចក្រ ។

ក្នុងឱកាសអញ្ជើញ បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ចន្ទតាគ្រាម (ហៅវត្តតាគ្រាម) ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃ២៦ មេសា សម្តេច ស ខេង មានប្រសាសន៍ថា កាលនៅរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពជំនឿ និងសាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលទាំងស្រុង ។ ទើបតែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ ពីការកាប់សម្លាប់ បែរមកជាមានសិទ្ធិរស់រានមានជីវិត ហើយមានសេរីភាព ជំនឿ និងសាសនាឡើងវិញ។ ព្រមជាមួយគ្នានេះ ទីវត្តអារាម និងវិហារ សាសនាផ្សេងៗ ក៏ដូចជាសមិទ្ធផលនានា ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះ មានការរីកចម្រើន លើគ្រប់វិស័យគួរទីមោទនៈ។

សម្ដេច ស ខេង បញ្ជាក់ថា «សូមបន្តចូលរួមថែរក្សាមរតក ប្រពៃណី និង ទំនៀមទំលាប់ ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធាន ព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ប្រកាន់ធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធបញ្ញត្តិ» ។

សម្តេចក៏បានអំពាវនាវបន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ សម្ដេចក៏បានអំពាវនាវឲ្យបន្តប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ សំដៅចូលរួមលើកស្ទួយវិស័យសាសនានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងសុខដុមនីយកម្មបន្ថែមទៀត។

ជាមួយគ្នានោះដែរ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាព ជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្ត ដែលបានសហការគ្នាបំពេញ ការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យរដ្ឋបាលខេត្តបាត់ដំបង មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ទាំងខាងអាណាចក្រ និងទាំងខាងពុទ្ធចក្រ ៕




