ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រុមការងារចុះមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជា ទឹកសម្រាប់ស្រោចស្រព ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងការឡើងកម្តៅ ដោយការប្រែប្រួលអាកាសធាតុ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំ បន្តដល់ប្រជាពលរដ្ឋឱ្យបង្កើន ការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ ក្នុងរដូវប្រាំងនេះ។
ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានស្នើឱ្យក្រុមការងារ ចុះមូលដ្ឋានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹក ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព ។
សម្តេចធិបតី ក៏បានណែនាំ ដល់ក្រសួងរ៉ែ និងថាមពលឱ្យពិនិត្យមើលលទ្ធភាព ផ្គត់ផ្គង់អគ្គិសនី និងត្រៀមលក្ខណៈក្នុងករណី ដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់ វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ៕