ភ្នំពេញ ៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub streetផងដែរនោះ គ្រោងនឹងរៀបចំឡើង នៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបំរើឱ្យភ្ញៀវជាតិ អន្តរជាតិ មកទិញទំនិញ និងដើរលេងកំសាន្តពេលយប់ ហើយគម្រោងនេះ ត្រូវបានលោក ឃួង ស្រេង ណែនាំឱ្យរៀបចំ បានរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។

នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើង មុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែង ជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើង តំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាងជើង ៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើង ជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។

ផ្លូវថ្មើរជើងតំបន់ទី២ មានព្រំប្រទល់ខាងជើង ៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះរៀបចំជាតំបន់ Pub street)។

ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងអោយមានសោភណ្ឌភាព ស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង Pub streetផងដែរ។
តំបន់នេះក្រោយការរៀបចំរួច នឹងបើកឱ្យភ្ញៀវជាតិ អន្តរជាតិ ចូលទិញទំនិញ និងកំសាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថាគម្រោងនេះ បានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញអោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តការងារ រៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺអោយរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីអោយតំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង Pub streetផងដែរ៕


