ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាជីវករ ជាពិសេសអ្នកលក់ដូរ គ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ជុំវិញផ្សារដើមគរចាស់ មកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរ ខិតខំរៀបចំជូន ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ស្ថិននៅខណ្ឌព្រែកព្នៅ និងបញ្ឈប់ ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ ។

ការអំពាវនាវខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក ឃួង ស្រេង និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញបើកសម្ពោធមជ្ឈមណ្ឌល ពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ឯ.ក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ។

លោក ឃួង ស្រេង បានលើកឡើងថា ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិន បានសំរេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ផ្សារផ្គត់ផ្គង់ និងគម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម ក្នុងភាពជាដៃគូ ជាមួយនិង រដ្ឋបាលរាជធានីភ្នំពេញ។

នេះមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក យ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងខួបលើកទី៦៦ នៃទំនាក់ទំនង ការទូតរវាង “ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន” ឱ្យកាន់តែស្ថិតស្ថេររឹងមាំបន្ថែមទៀត។

មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោង អភិវឌ្ឍន៍ ក្នុងភាពជាដៃគូ រវាងវិស័យរដ្ឋ និងវិស័យឯកជន ដែលទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានចុះកិច្ចសន្យាជួលទីតាំង បឹងតាមោក ទំហំ២០ហិចតា ឱ្យទៅក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ដើម្បីអភិវឌ្ឍជាផ្សារផ្កត់ផ្គង់បន្លែផ្លែឈើ ចំណតរថយន្តបង់ប្រាក់ និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់ ហើយភាគីក្រុមហ៊ុន ក៏បានវិនិយោគបន្ថែមលើអចលនទ្រព្យក្នុងតំបន់នេះ ដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍ កាន់តែមានវិសាលភាពធំ នឹងប្រកបដោយសក្តានុពល។

លោកអភិបាលរាជធានី បានបញ្ជាក់ថា គោលបំណងសំខាន់នៃការអនុវត្តគម្រោងនេះ គឺដើម្បីប្រែក្លាយតំបន់បឹងតាមោក ឱ្យទៅជាតំបន់វិនិយោគពហុបំណង ដែលនឹងរួមចំណែកដល់ការកាត់បន្ថយ ការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម អនាម័យបរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងតំបន់នេះ ឱ្យកាន់តែប្រសើរឡើង។

លោក ឃួង ស្រេង លើកឡើងទៀតថា ក្រោយការសាងសង់រួចរាល់មួយផ្នែក នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ទទួលយកបងប្អូនអាជីវករ ដែលកំពុង តែលក់ដូរ គ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ជាពិសេសតំបន់ជុំវិញផ្សារដើមគរចាស់ ក្នុងខណ្ឌទួលគោក ព្រមទាំងតំបន់ស្មុគស្មាញមួយចំនួនទៀត អាចចូលមកលក់ដូរ ក្នុងទីតាំងសមរម្យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលនេះ គឺជាការគិតគូរខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះបងប្អូន អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងនោះលោក ឃួង ស្រេង ក៏បានអំពាវនាវ ដល់បងប្អូនអាជីវករ ដែលកំពុងតែ លក់ដូរគ្មានសណ្តាប់ធ្នាប់ តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមសហការ និងអញ្ជើញមកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូន ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សមស្រប ទៅតាមលទ្ធភាព និងទំហំអាជីវកម្មរបស់ខ្លួន ហើយបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម លើកកម្ពស់ អនាម័យបរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុង ឱ្យកាន់តែស្រស់បំព្រងឡើង។

ជាមួយគ្នានេះ លោក វ៉ាង វិនធាន បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោងមួយឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាផ្សារបោះដុំទំនិញ ដ៏ធំជាងគេនៅកម្ពុជា ហើយផ្សារនេះ នឹងរួមចំណែក ក្នុងការអភិវឌ្ឍនិង ជំរុញអោយកើនឡើង នូវពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ចិន៕



