ព័ត៌មានជាតិ

ឈ្វេងយល់​ ពីផលចំណេញ របស់កម្ពុជា ពីគម្រោងព្រែកជីក ហ្វូណនតេជោ

ភ្នំពេញ​ ៖​ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ។

យោងតាមគេហទំព័រហ្វេស​ប៊ុក ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ឱ្យ​ដឹង​ថាលក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប ដែលមាន ប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង ផ្លូវទឹក នេះ ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។

តាមការសិក្សា និងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណ គម្រោងនេះនឹងត្រូវប្រើប្រាស់ ថវិកាប្រមាណ ១,៧ ពាន់លានដុល្លា សហរដ្ឋអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹក ដែលមានស្រាប់ប្រមាណ ១៣៥គម និងជីកថ្មីប្រមាណ ៤៥គម ដែលត្រូវប្រើប្រាស់ពេលវេលាប្រមាណ ៤ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋនិងឯកជន (PPP) ដែលក្រុមហ៊ុនវិនិយោគត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប ។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាល និងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០%ដើម្បីវិនិយោគលើគម្រោងនេះ ។

គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍ដូចជា៖

-ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស ។

-ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា៖ អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មក វិញពីការវិនិយោគប្រមាណពី ២០% ទៅ ៣១%។

-កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ។

-ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

-ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ទីក្រុង ជាដើម។

-ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់ ។

-រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត។

-ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះ៕

To Top