ព័ត៌មានជាតិ

គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិប្រកាសគាំទ្រ លើគម្រោងព្រែកជីក ហ្វូណនតេជោ

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ស្តីពីការប្រកាសបិទការចរចាណាមួយ ជាមួយភាគីទាំងឡាយ លើគម្រោង “ព្រែកជីកហ្វូណនតេជោ” ។

ការប្រកាសចេញនូវអនុសាសន៍នេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋ និងជាផែនការយុទ្ធសាស្ត្រប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរួមចំណែកចលនាជាតិ ដើម្បីឱ្យសម្រេចចេញជារូបរាងនូវ “ព្រែកជីកហ្វូណនតេជោ” ដែលបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង “ព្រែកជីកហ្វូណនតេជោ” ឱ្យសម្រេចបាននាពេលអនាគត។ នេះជាព្រែកជីកប្រវត្តិសាស្ត្រទី១ នៅកម្ពុជា ក្នុងក្របខ័ណ្ឌផលប្រយោជន៍ជាតិ បង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទាក់ក្រឡាគ្នាទាំងផ្លូវទឹក​ ផ្លូវគោក និងជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តភាគនិរតីនៃ ប្រទេស ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ដូចជាការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ពិសេស ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប និងធ្វើឱ្យមានការរីកចម្រើនផ្នែកអចលនទ្រព្យ និងការវិនិយោគផ្សេងៗ ដែលនេះជា ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

សក្ខីភាពនេះ ពិតជាបានសបញ្ជាក់ឱ្យឃើញកាន់ត ច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា និងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយ ដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍ របស់ក្រុមខ្លួន នោះឡើយ។

ជាថ្មីម្តងទៀត! គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ លើគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលស្ថិតក្នុងក្របខណ្ឌអធិបតេយ្យភាពរបស់ កម្ពុជា ដើម្បីសម្រេចបាន នូវសមិទ្ធផលនេះប្រកបដោយជោគជ័យ និងរីកចម្រើនលើគ្រប់វិស័យ ៕

To Top