ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងជាស្ថាបនិកនៃ “កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍ រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ ជួយដល់មន្ទីរពេទ្យកុមារអង្គរ” នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា រួមទាំងសប្បុរសជននានា ក្នុង និងក្រៅប្រទេស ព្រមទាំងតំណាងក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធី នាំយកថវិកាសរុបចំនួន $២៥,០០០ (ម្ភៃប្រាំពាន់ ដុល្លារសហរដ្ឋអាមេរិក) យកមកប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការរួមចំណែក និងជួយសម្រួលទៅលើការងារផ្សេងៗ របស់មន្ទីរពេទ្យ។
សូមបញ្ចាក់ផងដែរថា កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍ រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលមានកីឡាករចូលរួមប្រមាណ ១០០នាក់ និងមានការឧបត្ថម្ភធំពីក្រុមហ៊ុន ចំនួន០៣រួមមាន៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្រុមហ៊ុន ជីប ម៉ុង លែន និងក្លឹបវាយកូនហ្គោលហ្រ្គេន ភ្នំពេញ។
បន្ថែមពីនោះ ក៏មានការសហឧបត្ថម្ភ ពីសំណាក់ក្រុមហ៊ុនចំនួន១២ (ដូចមានភ្ជាប់ក្នុងរូបភាព) និងពីសំណាក់សាខានៃ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមបណ្តាសាខាខេត្តផងដែរ។
ជំនួសមុខអោយមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយក មន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគម ម្ចាស់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភកម្មវិធី ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕