ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំយកថវិកាដែលប្រមូលបាន ជាង ៤២៣លានរៀល និង ប្រាក់ដុល្លារ ជិត ៩០០០ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ

កំពង់ចាម ៖  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត នាំយកថវិកា ដែលប្រមូលបានពីសប្បុរសជន នៅក្នុងខេត្ត ជាង ៤២៣លានរៀល និង ប្រាក់ដុល្លារ ជិត ៩០០០ ដុល្លារ ទៅប្រគល់ជូន ដើម្បីទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួម ពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែក ទំនាកទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់ជុំវិញ ភូមិសាស្ត្រខេត្តកំពង់ចាមរយ:ពេល ៧ថ្ងៃ ដើម្បីប្រមូលថវិកា ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺ ការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។

ក្នុងយុទ្ធនាការនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុច ដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលា ខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ ៕

To Top