ព័ត៌មានជាតិ

សម្តេចធិបតីថា សម រង្ស៊ី តាំងខ្លួនជាអ្នកសេដ្ឋកិច្ច តែមិនចេះបែងចែក អ្វីជាផលប្រយោជន៍សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ​ជាថ្មីម្តងទៀត បន្ទាប់ពីការឆ្លើយឆ្លងពាក្យសម្តី រវាងប្រមុខ រាជរដ្ឋាភិបាល និងទណ្ឌិត សម រង្ស៊ី ដែលបន្តលើក យកប្រធានបទ ព្រែកជីកហ្វូណនតេជោ មកជជែកវែកញែក មិនដាច់ស្រេចនោះ ម្តងនេះ សម្តេចធិបតី ហ៊ាននិយាយចំៗ តែម្តងថា សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សា និងតាំងខ្លួនជាអ្នកសេដ្ឋកិច្ចផងនោះ បែរជាមិនអាចបែងចែកថា អ្វីជាផលប្រយោជន៍សេដ្ឋកិច្ចជាតិពិតប្រាកដ ជុំវិញទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ។

សូមរំលឹកថា មិនលើស២ថ្ងៃនោះទេ បន្ទាប់ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានចេញសារទៅកាន់ទណ្ឌិត សម រង្ស៊ី ជុំវិញសំណេររិះគន់របស់ទណ្ឌិតរូបនេះ ជុំវិញគម្រោងព្រែកជីកហ្វូណន ដែលសម្តេចតេជោ បានចាត់ទុកជនក្បត់ជាតិ ៣ជំនាន់រូបនេះ កំពុងប្រឆាំងនឹងផលប្រយោជន៍ជាតិ ដែលស្មើនឹងប្រឆាំងនឹងពលរដ្ឋកម្ពុជាខ្លួនឯងហើយនោះ ឥឡូវនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញមកឆ្លើយតបបកទៅជាថ្មីបន្ថែមទៀត ទៅកាន់អ្នកនយោបាយចាស់វស្សា​​​ ដែលតាំងខ្លួនជា អ្នកសេដ្ឋកិច្ចរូបនេះវិញម្តង ។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាគម សហជិពកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តជាតិ នៅជ្រោយចង្វា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ស​ម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ខ្ញុំសូមប្រតិកម្មសារជូន អ្នកនយោបាយចាស់វស្សា សម​ រង្ស៊ី ដែលតាំងខ្លួនជាអ្នកសេដ្ឋកិច្ចនោះ សួរមួយម៉ាត់ តើកម្ពុជា ចំណេញឬខាត បើយើងធ្វើអានេះហើយ (ព្រែកជីកហ្វូណនតេជោ) ឥឡូវឆ្លងកាត់ម្តងៗ តាមព្រំប្រទលទៅសមុទ្រ យើងត្រូវប្រើប្រាស់ពេលវេលា នីតិវិធីច្រើនណាស់ ដើម្បីឆ្លង ព្រោះនៅវៀតណាម គាត់មានច្បាប់បារាស់ពីរ ចំងាយបូកនិងពេលវេលា ពេលដែលយើងធ្វើព្រែកជីកនេះហើយ ការឆែកឆេរក៏នឹងបន្ថយ សិទ្ធិនៅក្នុងការធ្វើដំណើររបស់យើង សំនួរសួរថា មួយណាចំណេញឬខាត តាំងខ្លួនជាសេដ្ឋកិច្ច ធ្លាប់ធ្វើជាអតីតរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ “។

បើតាមអ្វីដែលសម្តេចធិបតី លើកឡើងថា ដើម្បីឆ្លងកាត់ទំនិញតាមប្រទេសវៀតណាមម្តងៗ ត្រូវសុំគោលការណ៍ ហើយក៏មានករណី ពេលណាដែលព្រំដែនត្រូវបិទ ដូចជំនាន់កូវីដ ពេលយប់ព្រលប់គឺមិនឆ្លងរួចឡើយ ដោយត្រូវរង់ចាំ។ តួរយ៉ាងករណីនេះ បងប្អូនដែលជាអ្នកប្រមូលនាំយកកសិផលដំឡូងមី ទៅកាន់វៀតណាម សុទ្ធតែដឹងច្បាស់ នៅពេលទៅដល់ព្រំដែនពេលល្ងាចហើយនោះ គឺមិនអាចដឹកឆ្លងព្រំដែនបានទេ ដោយត្រូវស​ម្រាកតាមផ្លូវ ហើយត្រូវរង់ចាំដល់ព្រឹក រងចាំខាងវៀតណាមបើកច្រក ដែលធ្វើឱ្យមានការកកស្ទះតម្រង់ជួរជាច្រើនម៉ោង ទម្រាំបានដឹកទំនិញចេញទៅបាន ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “សូម្បីតែឥឡូវហ្នឹងពេលខ្លះ បាតុភូតធម្មជាតិ ទឹកឡើងទឹកនាចនេះ ក៏ធ្វើឱ្យកប៉ាល់យើងគឺចេញមិនរួច ចំណាយពេល តែចេញតាមព្រែកជីករបស់យើង គឺម៉ោងណាក៏បានដែរ” ។

សម្តេចបន្តថា “នឹងដូចទូកដ ជាមួយស្ពានអីចឹង ទូកដរឆ្លងបានតែពេលណាគេរត់ទេ តែបើយើងធ្វើស្ពានហើយ ម៉ោងណាឡើងបានដែរ ។ ធ្វើព្រែកជិកនេះ គឺធ្វើស្ពានផ្លូវទឹក ពីសមុទ្រមកទន្លេរបស់យើង ដើម្បីការដឹកជញ្ជូនរបស់យើង ដើម្បី​ផលិតផលកសិកម្ម ដើម្បីផលិតផលផ្សេងៗ ដែលដឹកតាមផ្លូវទឹក កាត់បន្ថយចំណាយពេលវេលា តម្លៃ ដើម្បីជួយសេដ្ឋកិច្ចរបស់យើង ការដឹកជញ្ជូន”។

សម្តេចធិបតី បានចោតសួរទៀតថា ” ឥឡូវសួរលោក ចាស់វស្សា ដឹករាល់ថ្ងៃ យើងដឹកទៅចេញទៅកំពង់ផែ អន្តរជាតិរបស់វៀតណាម តើវាអាក្រក់ទេ វាខាតទេ? បើយើងបើកច្រកនេះ ដើម្បីដឹកទំនិញ ចូលទៅផែអន្តរជាតិ របស់កម្ពុជាតែម្តង ផែកំពង់សោម ផែកំពត តើមួយណាចំណេញជាង?” ។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែបានកត់សម្គាល់ថា សូម្បីតែប្រជាពលរដ្ឋទាំងអស់ ក៏យល់ច្បាស់ ទៅលើកិច្ចការងារនេះដែរ ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា “ជាថ្មីម្តងទៀត សូមបញ្ជូនសារ ទៅលោកអ្នកនយោបាយចាស់វស្សា លោកមានចំណេះដឹងខាងសេដ្ឋកិច្ច សូមបកស្រាយ តម្កល់ផលប្រយោជន៍ជាតិជាធំ កុំឱ្យប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងគ្រប់ពេល ប្រឆាំងគ្រប់ប្រធានបទ សូម្បីតែគម្រោងដែលផលប្រយោជន៍ សម្រាប់ប្រជាជនខ្លួនឯង ក៏ហ៊ានជំទាស់ ក៏ហ៊ានធ្វើឱ្យមានបញ្ហា ឱ្យមានការបែកបាក់ នៅក្នុងការគាំទ្រ គួរតែខ្មែរយើងប្រមូលគ្នា ដើម្បីគាំទ្រផលប្រយោជន៍ ជាតិរបស់យើង បានព្រែកជីកមួយនេះ ដើម្បីទាំងអស់គ្នា” ។

សម្តេចធិបតី បានបន្ថែមទៀតថា “ខ្ញុំឃើញព្រែកជីកមួយនេះ វាចម្លែក ជាប្រធានបទមួយគត់ លើកលែងតែម្សៀលហ្នឹង សូម្បីតែអ្នកមាននិន្នាការប្រឆាំង វ៉ៃប្រហារខ្ញុំមួយចំនួន ក៏គាំទ្រ នេះបានន័យថាគេយល់ អំពីប្រធានបទ ផលប្រយោជន៍ជាតិ ត្រូវគិតថា អ្វីដែលបានគឺបានទាំងអស់ កុំឈឺក្បាលរឿងអ្នកណាធ្វើ កុំខ្លាចសម្តេចតេជោ បានក្រេឌីត កុំខ្លាចខ្ញុំបានក្រេឌីត ឬរដ្ឋាភិបាលបានក្រេឌីត គិតថាពីអាហ្នឹងបានផលប្រយោជន៍ សម្រាប់យើងទាំងអស់គ្នាទៅ តកូនតចៅទៅមុខទៀត”៕

To Top