កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បាន ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈផងដែរ ។

នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិន ដែលបានពលីនេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសពផងដែរ ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកា ប្រគល់ជូនក្រុមគ្រួសារ សពយោធិន ដោយ១គ្រួសារទទួលបាន ២ម៉ឺនដុល្លារ ជាថវិការបស់សម្តេចធិបតី, ៣លានរៀលជាថវិកាក្រសួងការពារជាតិ, ៥ពាន់ដុល្លារ ជាថវិកាបានមកពីសប្បុរសជននានា និង១គ្រួសារ១លានរៀល ជាថវិការបស់ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគីទី៣ បណ្តាលឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស ។
ជាមួយនឹងសារ ចូលរួមរំលែកទុក្ខ និងជួយថវិកា ទៅក្រុមគ្រួសារសពយោធិន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ថវិកា ចំពោះយោធិន ដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀលផងដែល៕
















