ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផល ដំណើរទស្សនកិច្ច របស់ឧបនាយករដ្ឋមន្ដ្រី ស សុខា នៅស្វីស និងអាល្លឺម៉ង់

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ច នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ របស់គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការ ក្រសួងការបរទេសនៃសហព័ន្ធស្វីស និងរដ្ឋមន្ត្រីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិ ព្រមទាំង បណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធមួយចំនួនរបស់សហព័ន្ធស្វីស និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។

សូមរំលឹកថា ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាល នៃសហព័ន្ធស្វីស និង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕

To Top