ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុស ដូចទឹកបាក់ទំនប់ ជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុល និយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ ។
ក្នុងន័យបញ្ជាក់មិនចំឈ្មោះ ដល់អ្នកនយោបាយរូប ណារបស់លោក ប៉ែន បូណាក៏ពិតមែន តែគ្មានអ្នកណាក្រៅពីលោក សម រង្ស៊ីនោះទេដែលបានញុះញង់ប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ ។ ក្រោយពីឃើញសារ របស់អតីតមេបក្សប្រឆាំង រូបនេះហើយ ចលនាចេញមកគាំទ្រ គម្រោងព្រែកជីកនេះ បានធ្វើឡើងជាបន្តបន្ទាប់។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី២៩ មេសានេះ លោក ប៉ែន បូណា បានថ្លែងថា សន្ទុះនៃការគាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផងបានចេញញ្ញត្តិ និង បញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពង ដើម្បីឲ្យរាជរដ្ឋាភិបាល សម្រេចគម្រោងព្រែកជីកនេះ ទាល់តែបាន។

អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា ការគាំទ្រ គម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះ កំពុងក្លាយជាចលនាជាតិ យ៉ាងធំទូលំទូលាយនិងបង្ហាញឲ្យឃើញ ពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។
គម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ដ៏មហាសាល សម្រាប់កម្ពុជាពោលគឺអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ដែលអំណោយផលដល់ភាព ប្រកួតប្រជែងនៃទំនិញកម្ពុជា។

លោក ប៉ែន បូណា បន្ថែមថា ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រ ដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។

លោកគូសបញ្ជាក់ថា ផលប្រយោជន៍ដ៏មហិមានេះ ហើយដែលជំរុញ ឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់ទិសទីផ្តល់ការ គាំទ្រដោយឥតរារែក ដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឲ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោស ពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា “សរុបមកវិញ ចលនាជាតិដ៏ធំធេង ដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះ កំពុងបង្ហាញពីការរួប រួមរបស់ខ្មែរ គ្រប់មជ្ឈដ្ឋាន ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រនិង ជាប្រយោជន៍ជាតិដ៏យូរអង្វែង ។ ផ្ទុយទៅវិញ ចលនាជាតិនេះ កំពុងដាក់ឲ្យ អ្នកនយោបាយប្រឆាំង ជ្រុលនិយមក្នុងសភាព ឯកោកាន់តែខ្លាំង លើសពេលណាៗទាំងអស់ ។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជា នយោបាយជ្រុល និយមនៅកម្ពុជា បានមកដល់ទីបញ្ចប់ហើយ” ៕

