ព័ត៌មានជាតិ

សម្ដេចតេជោ ជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្ម កម្ពុជា-តួកគី អាចសម្រេចបាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការជឿជាក់ថា គោលដៅ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី អាចសម្រេចបាន នាពេលខាងមុខ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអនុញ្ញាតឲ្យលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបម្ដែងការគួរសម នាថ្ងៃ២៩ មេសា ។

ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត មានមោទកភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឲ្យកើនដល់ ១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ។

លោកស្រី ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកស្រីថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។

លោកស្រីបន្ដថា តួកគីនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជា ជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកស្រីមានក្តីសង្ឃឹមទុកថា «សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគីឲ្យដល់កម្រិតខ្ពស់នាពេលខាងមុខ»។

ជាការឆ្លើយតប សម្តេចតេជោ ជឿជាក់ថា «គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ»។

ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចមានប្រសាសន៍ថា «ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឲ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ»។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោថា «វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសតួកគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ»៕

To Top