ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី។
បើទោះបីមិនមានការថ្លែងសុន្ទរកថាអ្វី នៅក្នុងពិធីប្រគល់និងទទួលនោះក៏ពិតមែន ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងខ្លីថា សម្តេចសូមចូលរួមចំណែក នូវការអបអរសាទរអស់ពីដួងចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃខេត្តទាំង៦ ដែលមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
សម្តេចធិបតីបានណែនាំឲ្យថ្នាក់ដឹកនាំខេត្តទាំង៦ ត្រូវការពារខ្សែក្រវ៉ាត់ដែលបានផ្តល់ជូននោះ សម្រាប់ការរៀបចំដូចគ្នានៅឆ្នាំខាងមុខ ។
សូមបញ្ជាក់ថា ខេត្តទាំង៦ រួមមាន ៖ ខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ។ ក្នុងនោះខេត្តនីមួយៗទទួលបាន៖ ប័ណ្ណសរសើរចំនួន ១ ,២ ថវិកាចំនួន ២០០លានរៀល និងភេសជ្ជៈចំនួន១ពាន់កេស ៕






