ព័ត៌មានជាតិ

គិតត្រឹមថ្ងៃ២៩ មេសា មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ ធ្វើតេស្តរកសារធាតុញៀនជាង៥ម៉ឺននាក់ ដោយវិជ្ជមាន៧៦នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ(ទឹកនោម) ចំនួន ៥៦,៤៤៥នាក់ ក្នុងនោះ វិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចធិបតី នៅថ្ងៃ២៩ មេសា បញ្ជាក់ថា បន្ទាប់ពីបានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀន តាមទឹកមូត្រមានចំនួន ៥៦,៤៤៥នាក់ ក្នុងនោះ វិជ្ជមានចំនួន ៧៦ នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធភាពផងដែរ ដោយបាន កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម , សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារ ចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត , បើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឲ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្ត តាមទឹកមូត្រដោយខ្លួនឯង , ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឲ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕

To Top