ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារ នឹងប្រកាសពីជ័យលាភី នៃពានរង្វាន់សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយរៀង រាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” មាន ៣កម្រិត គឺពានរង្វាន់លេខ១, លេខ២, និងលេខ៣ ក្នុងនោះសហគ្រាស ដែលទទួលបានជ័យលាភី គឺទទួលបានការលើកទឹកចិត្ត ទី១ ពាន និងវិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សម្រាប់ប្រើប្រាស់ តាមការចាំបាច់ និងជាឯកសារយោង ដើម្បីបង្ហាញដល់ដៃ គូពាណិជ្ជកម្ម និងម្ចាស់ម៉ាកពីការគោរពច្បាប់ និងលក្ខខណ្ឌការងារ នៅរោងចក្ររបស់ខ្លួន និងទី២លើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។

គូរកត់សម្គាល់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ កំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨ ក្នុងនោះ ៖

ទី១ អនុលោមភាព នៃលក្ខខណ្ឌការងារ
ទី២.អនុលោមភាព នៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង
ទី៣.អនុលោមភាព នៃទំនាក់ទំនងវិជ្ជាជីវៈ។
និងទី៤.អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារ
ទី៥.អនុលោមភាព នៃរបបសន្ដិសុខសង្គម
ទី៦.អនុលោមភាព នៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ
ទី៧.អនុលោមភាព នៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ
និងទី៨.អនុលោមភាព នៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម៕



