ព័ត៌មានជាតិ

ប្រហិតចម្រុះខូចគុណភាព ជាង៨តោន ត្រូវបានមន្រ្តីជំនាញ ដុតបំផ្លាញចោល

ភ្នំពេញ ៖ ប្រហិតចម្រុះ (ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម)ខូចគុណភាព ចំនួន៨០កេសនិង១៦២បាវ ស្មើនឹង ៨,៦២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ដុតបំផ្លាញចោល ។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំ កិច្ចសហការពីមន្ត្រីជំនាញ គយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យលើទំនិញប្រហិតចម្រុះ ដែលមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុក នៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹក តាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។

ក្រោយមន្ត្រីជំនាញ ក.ប.ប. ធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយបានរកឃើញថា ទំនិញប្រហិតចម្រុះ ទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ ដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ២គ្រឿង ។ ការវេចខ្ចប់ (ច្រកដាក់ក្នុងការ៉ុង) និងដឹកជញ្ជូនពុំត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) ដែលនាំឲ្យទំនិញប្រហិតទាំងនោះប្រែប្រួលបាត់បង់គុណភាព ។

យោងតាមលទ្ធផល នៃការត្រួតពិនិត្យនេះ មន្ត្រីជំនាញ ទាំង២ស្ថាប័នបានសម្រេច ធ្វើការដកហូតយកទៅបំផ្លាញ ចោលតាមនីតិវិធី នូវទំនិញប្រហិតចម្រុះទាំងនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ ជាយថាហេតុ ៕

To Top