ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំង លោកខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកា សរុបចំនួន៨០លានរៀល ជូននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិនទាំង២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោក ខៀវ សុភ័គ បានជម្រាបជូន នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ អំពីសេចក្ដីសោកស្ដាយជាពន់ពេក និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារសពយោធិនពលី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីនៃកងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់ក្រុមគ្រួសារនិងធនធានមនុស្សរបស់អង្គភាព ព្រមទាំងបានជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ ។
លោក ខៀវ សុភ័គ ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ របស់ក្រសួងការពារជាតិ ជាពិសេសកង យោធពលខេមរភូមិន្ទ ជាមួយក្រសួងមហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឲ្យក្រសួងទាំងពីរមានលទ្ធភាពកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិនិងប្រជាជន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយទស្សនៈវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអំណរគុណគោរពជូន លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទឹកចិត្តប្រកបដោយភាតររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខ និងរួមចំណែកផ្ដល់នូវថវិកា ជូនក្រុមគ្រួសារយោធិន ពលីទាំង២០រូប ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ឧបទ្ទវហេតុនេះ គឺជាទុក្ខសោកដ៏ក្រៀមក្រំមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត កងយោធពលខេមរភូមិន្ទ សូម្បីតែក្នុងពេលមានសមរភូមិប្រយុទ្ធក៏ដោយ។ នាយឧត្តមសេនីយ៍បន្តទៀតថា ភ្លាមៗក្រោយកើតមានឧបទ្ទវហេតុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំបញ្ជា និងតាមដានយ៉ាង យកចិត្តទុកដាក់ ខ្ពស់បំផុត ទាំងការរៀបចំពិធីបុណ្យសពយោធិនពលី ព្រមទាំងការសង្គ្រោះនិងព្យាបាលជនរងគ្រោះ។
នាយឧត្តមសេនីយ៍ ក៏បានជម្រាប នាយកខុទ្ទកាល័យ លោក ស សុខា អំពីការត្រៀមរៀបចំប្រគល់ ថវិកា ជូនក្រុមគ្រួសារ យោធិនពលីឲ្យបានឆាប់៕