ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើគម្រោង លើកកម្ពស់គុណភាព និងសមធ៌មសុខាភិបាល ដំណាក់កាលទី២

ភ្នំពេញ ៖ នៅសណ្ឋាគារ Fairfield Marriott នាថ្ងៃ២៩ មេសា មានការរៀបចំកិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងដៃគូសហការរបស់គម្រោងលើកកម្ពស់គុណភាព និងសមធ៌មសុខាភិបាល ដំណាក់កាលទី២ Health Equity and Quality Improvement Project Phase 2 (HEQIP-II) ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកស្រី Maryam Salim នាយកប្រតិបត្តិការ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងតំណាងដៃអភិវឌ្ឍន៍ ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូត នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Jenny Scharrer ប្រធានធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅកម្ពុជា លោក សុផា រតនា តំណាងរបស់គ្រឹះស្ថានហិរញ្ញប្បទានសកលនៅកម្ពុជា លោកស្រី Shin Jung Yeon អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារ សង្គម ព្រមទាំងអង្គការជាដៃគូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល សរុបមានចំនួនប្រមាណ៤២រូប ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីអាទិភាពចំបងបំផុតរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការ អនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រងសុខភាពជាសកល (UHC) ការកែលម្អគុណភាព នៃការផ្តល់សេវាសុខាភិបាល ការផ្តល់ការគាំរពារផ្នែក ហិរញ្ញវត្ថុ ដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព និងផែនការរបស់រដ្ឋាភិបាល ទាក់ទងនឹងផ្នែកដែលកំពុង ងើបឡើងវិញដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការឆ្លើយតបនឹងអាកាសធាតុនិងសុខភាព។

កិច្ចប្រជុំបានពិភាក្សា ដោយសង្កត់ធ្ងន់លើរបៀបវារៈសំខាន់ៗចំនួន៤គឺ៖
១. អាទិភាពកំពូល របស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រង ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល (UHC)
២. ការកែលម្អគុណភាព នៃការផ្តល់សេវា
៣. ការផ្តល់ការការពារ ផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ក្នុងការស្វែងរកការថែទាំសុខភាព
៤. ផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងតំបន់ ដែលកំពុងរីកចម្រើនដូចជា៖ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបបន្ទាន់គ្រោះអាសន្នផ្នែកសុខភាព និងការប្រែប្រួលអាកាសធាតុ និងសុខភាព។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកត់សម្គាល់ថា កិច្ចសន្ទនានេះ នឹងផ្តល់ឱកាសបន្ថែម ដល់ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ ក្នុងគម្រោងលើកកម្ពស់គុណភាពសេវា និងសមធម៌សុខាភិបាល អាចធ្វើផ្លាស់ប្តូរទស្សនៈគ្នា អំពីទិដ្ឋាភាពគោលនយោបាយសំខាន់ៗ នៃវិស័យសុខាភិបាល នាំមកធាតុចូល ឬតម្លៃបន្ថែមដល់ការសម្រួចគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

លោកស្រីវេជ្ជបណ្ឌិត តំណាងធនាគារពិភពលោក បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានបញ្ជាក់អំពី គោលជំហរយ៉ាងមុតមាំ និង សហការការគាំទ្រគម្រោង HEQIP-II ព្រមទាំងឆ្លៀតពេលវេលាដ៏មានសារៈសំខាន ចូលរួមការផ្លាស់ប្តូរយោបល់ កម្រិតខ្ពស់លើបញ្ហាគោលនយោបាយ នៅក្នុងវិស័យសុខាភិបាលកម្ពុជា។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដៃគូអភិវឌ្ឍន៍ និង ក្រុមការងារទាំងអស់ និងស្នើសុំ ឲ្យចូលរួមបន្ត កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណ រាជរដ្ឋាភិបាល អាណត្តិទី៧ ៕

To Top