កណ្តាល ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជួយដោះស្រាយករណីស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោក នៅកន្លែងខ្លះ ដែលជាហេតុធ្វើឲ្យពួកគាត់ គ្មានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រោចស្រពដំណាំផ្សេងៗ។
ទាក់ទិននឹងករណីនេះ អាជ្ញាធរឃុំបានលើកឡើងថា បានកំពុងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋតាមលទ្ធភាព ។
ទាក់ទងនឹងករណីគោកស្ទឹងនេះ អាជ្ញាធរបានធ្វើការយ៉ាងដុតដៃដុតជើង ក្នុងការកាយផ្លូវទឹក ដើម្បីឲ្យពលរដ្ឋបានទឹកប្រើប្រាស់ខ្លះៗ។
ជាងនេះអាជ្ញាធរមានសមត្ថកិច្ចភូមិ ឃុំបានស្នើដល់ថ្នាក់ស្រុក និងខេត្ត ក៏ដូចជាក្រសួងពាក់ព័ន្ធជួយ ដោះស្រាយករណីនេះផង។
ពាក់ព័ន្ធករណីគោកស្ទឹង ខាងលើ មេឃុំព្រែកអំបិលលោក ប៉ាំង ផាន់នី បានបញ្ជាក់ថា ៖“បញ្ហាប្រឈរនេះ មានភាពធំធេងហើយ យើងជាអាជ្ញាធរ ត្រូវប្រញាប់ដោះស្រាយ ខ្ញុំបានយកសំណើរបស់ប្រជាពលរដ្ឋ ដែលមានជាស្នាមមេដាយ ស្នើសុំបានដាក់ទៅរដ្ឋបាលស្រុក ដើម្បីសហការរួចហើយក្នុងការដោះស្រាយ” ។
បើតាមលោកមេឃុំ បានឲ្យដឹងថា ខាងស្រុក និងឃុំបានឯកភាពគ្នារកអាជីវករ ដែលមានគ្រឿងចក្រមកសង្គ្រោះដោយជីកកាយ បើកផ្លូវទឹកពីកន្លែង ដែលមានទឹកជ្រៅឲ្យហូរមក ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដាក់ស្រែចម្ការគាត់។
លោកមេឃុំបានឲ្យដឹងទៀត បន្ទាប់ការងាររយៈពេលមួយសប្តាហ៍កន្លងមកនេះ ឃើញទទួលបានលទ្ធផលល្អដែរហើយ។ ចំពោះករណីទឹកស្ទឹងគោកនេះ យើងបានដោះស្រាយបានមួយជំហានដែរហើយ ។
សម្រាប់ស្ទឹងព្រែកអំបិល ដែលគោកដាច់នៅតាមកន្លែងនោះលោក មេឃុំ បានអះអាងខាងរដ្ឋបាលឃុំ បានធ្វើការជាមួយថ្នាក់ស្រុក ដាក់ជាគម្រោងផែនការ ជូនទៅថ្នាក់ខេត្ត ដើម្បីសុំស្តារស្ទឹងព្រែកអំបិលនេះរួចហើយ។
សូមជម្រាបថា បើយើងធ្វើដំណើរ ពីភ្នំពេញផ្លូវជាតិលេខ២១ មកដល់ចំណុចស្ពានលេខ៣១ នោះយើងឃើញស្ទឹងមួយ មានឈ្មោះថា”ស្ទឹងព្រែកអំបិល” ។ ស្ទឹងនេះជាប្រភពទឹកមួយសំខាន់ សម្រាប់ប្រជាប្រជាពលរដ្ឋរស់នៅ តាមមាត់ស្ទឹងក្នុងនោះពួកគាត់បានយកទឹកស្ទឹងនេះ ទៅប្រើប្រាស់ដូចជាស្រោចដំណាំ បន្លែង ចម្ការ ហើយវាក៏ជាប្រភពទឹក សម្រាប់បញ្ចូលស្រែ និងនេសាទ ជាដើម។ លើសពីនេះស្ទឹងនេះក៏ជាប្រភពសំបូរដោយមច្ឆាជាតិជាច្រើនផងដែរ ដែលពេលខ្លះពលរដ្ឋបាននាំគ្នាធ្វើនេសាទ ជាលក្ខខណៈគ្រួសារបានត្រីធ្វើម្ហូបចិញ្ចឹមក្រពះទៀតផង។
ស្ទឹងព្រែកអំបិល ក៏ជាប្រភពផ្លូវទឹកមួយសំខាន់តាំងពីសម័យ ដើមមកម្ល៉េះ ក្នុងនោះជាផ្លូវទឹកមួយសម្រាប់ដឹកដំណាំ កសិផលផងដែរ ព្រោះថាស្ទឹងនេះ ជាផ្លូវទឹក អាចហូរដល់ព្រំប្រទល់ ប្រទេស វៀតណាមផងដែរ ។ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះស្ទឹងព្រែកអំបិល បានគោកស្ងួតដាច់ទឹកនៅតំបន់ខ្លះ ដែកជាហេតុធ្វើប្រជាពលរដ្ឋខ្លះ មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់។
ជាក់ស្តែងនៅឆ្នាំ២០២៤នេះ ដោយសារគ្មានភ្លៀងធ្លាក់ជាច្រើនខែ បានធ្វើទឹកស្ទឹងរីងស្ងួត ពោលគឺនៅត្រង់ចំណុចស្ពានព្រែកអំបិល (ស្ពានលេខ៣១) ជាកន្លែងផ្លូវទឹកហូរពីទន្លេបាសាក់ ក៏បានគោកដាច់តែម្តង ។ រយៈពេលប៉ុន្មានឆ្នាំមកនេះស្ទឹងនេះ បានរងចាក់គ្របដណ្តប់ ដោយដីខ្សាច់ដែលជាហេតុធ្វើបាតស្ទឹង កាន់តែគោករាក់។
សូមជម្រាបថាកាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីណែនាំពី វិធានការនិងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ។
តាមរយៈសេចក្ដីណែនាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទបាន ធ្វើការណែនាំដល់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នូវសេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួល ធាតុអាកាស ៕