ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀត ស្តីពីកិច្ចសហប្រតិបត្តិការ និងអន្តរាគមន៍លើបញ្ហាប្រភពទឹក សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ ។

សូមជម្រាបថា បើតាមរបាយការណ៍ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្ននេះ មានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត សរុបចំនួន ៤២១ទីតាំង ក្នុងនោះមានប្រតិបត្តិករ ផ្គត់ផ្គង់ទឹកស្អាតចំនួន ៩ទីតាំងកំពុងជួបប្រទះនូវបញ្ហាខ្វះខាតទឹក សម្រាប់ផ្គត់ផ្គង់ជាខ្លាំង និង៥៧ទីតាំងផ្សេងទៀត អាចនឹងមានបញ្ហាខ្វះខាតទឹក ប្រសិនជារដូវប្រាំង នៅតែបន្តអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ទាន់ពេល។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងថា បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើ នាយកដ្ឋានទឹកស្អាត និងអនាម័យនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះប្រមូលទិន្នន័យ និងធ្វើការវាយតម្លៃបឋមទៅលើបញ្ហាប្រឈម ស្តីពីកង្វះខាតទឹកសម្រាប់ផលិតទឹកស្អាត ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ។

ជាដំណោះស្រាយចំពោះមុខ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសំណូមពរ ដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងអាជ្ញាធរដែន ដីពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន៖ ទី១)ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដីមកប្រើប្រាស់(ចំពោះទីតាំងដែលមានសក្តានុពល ទឹកក្រោមដី)សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន ទី២)ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន និងទី៣)ទិញទឹកដុំពីប្រតិបត្តិករជិតខាង ដើម្បីដោះស្រាយបញ្ហាចំពោះមុខ(ឧទា. មានករណីប្រតិបត្តិករនៅខេត្តកំពង់ស្ពឺបានទិញទឹកដុំពីប្រតិបត្តិករនៅខេត្តតាកែវ) ។

ជាមួយគ្នានេះដែរ សម្រាប់ផែនការរយៈពេលវែង លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានស្នើឱ្យមានកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បី៖ ទី១)ណែនាំដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិបត្តិករផ្គត់ផ្គង់ ទឹកស្អាតខ្នាតតូច ឱ្យសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងអាជ្ញាធរដែនដីពាក់ ព័ន្ធ ដើម្បីរៀបចំផែនការ តម្រូវការប្រើប្រាស់ទឹក ប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី២)លើកផែនការជីកស្តារអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រឬបឹង ព្រមទាំងធ្វើការកែលម្អ សំណង់ការងារទឹក ដើម្បីបង្កើនសមត្ថភាពស្តុកទឹក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹក ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ(សម្រាប់ផលិតទឹកស្អាត) កសិកម្ម និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងទី៣) សិក្សាសក្តានុពលធនធានទឹកក្រោមដី និងទឹកលើដីនៅក្នុងក្របខណ្ឌអាងស្ទឹង/ទន្លេ ដែលអាចទាញឬបង្វែរទឹកពីស្ទឹង ព្រែក អូរ ឬផ្ទៃរងទឹកភ្លៀង ដើម្បីនាំទឹកមកបំពេញបន្ថែមនៅក្នុងស្រះ ឬកន្លែង ស្តុកទឹកផ្ទាល់ខ្លួនរបស់ប្រតិបត្តិករផលិតទឹកស្អាត ដែលបាន និងកំពុងជួបបញ្ហាប្រឈម ៕






