ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដំណើរការក្នុងរយៈពេលជាង ៨ខែ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន មានមុំបីសំខាន់គឺ ៖ ភាពស្អាត ភាពបៃតង និងចីរភាព ។
លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បែបនេះ ក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោនយោបាយឆ្លើយតប» នាទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «ក្នុងភាពស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ដែលយុទ្ធនាការទទួលបានជោគជ័យ ដោយមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ ព្រះសង្ឃ និយោជិត កម្មករ កម្មការនី និងប្រជាពលរដ្ឋ បានចូលរួមជាង៨លាន អង្គ/នាក់»។
ដោយឡែក ក្នុងភាពបៃតង ក្រសួងបរិស្ថានបានអនុវត្តន៍ភាពបៃតង ដោយដាក់ចេញនូវវិធានចំនួន៤ រួមមាន៖
១.ពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយ ដើម្បីទប់ស្កាត់ និងការពារធនធានធម្មជាតិ ។
២.សហការជាមួយអាជ្ញាធរមូលដ្ឋាន (រដ្ឋបាលថ្នាក់ក្រោមជាតិ) ដោយក្រសួងបរិស្ថាន៖ នឹងចែកផែនទីតំបន់ការពារធម្មជាតិ ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ នាថ្ងៃទី៣ ខែឧសភា ខាងមុខ, ក្រសួងបរិស្ថាន នឹងដាក់ឱ្យប្រើប្រាស់ App បង្ហាញទីតាំង និងព្រំប្រទល់តំបន់ការពារធម្មជាតិ ដើម្បីសាធារណជនយល់ដឹងថា តើទីតាំងដីដែលគាត់ចង់ទិញ ស្ថិតនៅក្នុងឬនៅក្រៅតំបន់ ការពារធម្មជាតិ ៣.ដាក់អោយប្រើប្រាស់ App ដាំដើមឈើសម្រាប់ចុះឈ្មោះអ្នកចូលរួម។
៣.ក្រសួងបរិស្ថានសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បពង្រឹងលើការគ្រប់គ្រងធនធានធម្មជាតិ។
៤.ជំរុញការដាំដើមឈើយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ដោយចាប់ផ្តើមពីរដូវវស្សាឆ្នាំ២០២៤។
ក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ នឹងរៀបចំពិធីពិពណ៌កូនឈើនៅមុខទីស្តីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ហើយឆ្នាំបន្ទាប់នឹងមានការរៀបចំនៅតាមបណ្តាខេត្តនីមួយៗ។ ជាមួយគ្នានេះ គឺការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈគម្រោងអភិវឌ្ឍន៍ទេចរណ៍លំហែបៃតង ដែលផ្តល់ភាពជាម្ចាស់ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ៕