ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើង នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្ត្រី អាណត្តិទី៦នៃរដ្ឋសភា និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា។
តាមគម្រោងព្រឹត្តិការណ៍នេះនឹងមាន កម្មករ កម្មការិនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលទាមទាអោយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនិងទីតាំងចំណតជាដើម។
ព្រឹត្តិការណ៍បាល់ទាត់នេះធ្វើឡើង ដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀតដែលខុសច្បាប់ សីលធម៌សង្គម។ម្យ៉ាងទៀតដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា៕