ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ដែលអញ្ជើញជាព្រះរាជតំណាងអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាំយកនូវព្រះរាជអំណោយ ឧបត្ថម្ភដល់គ្រួសារសព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ដល់គ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានតំណាងដ៏ខ្ពស់ខ្ពស់ នាំយកនូវអំណោយរបស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឧបត្ថម្ភបន្ថែម ជូនដល់ក្រុមគ្រួសារសពយោធិនពលី ទាំង២០រូប ផងដែរ។
ក្នុងនោះក៏នៅមានអំណោយសប្បុរសជនមួយចំនួនទៀតដូចជា អំណោយលោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក អំណោយសាលាភូមិន្ទរដ្ឋបាល អំណោយលោកឧកញ៉ា ឡេង ដារិទ្ធ និងលោកស្រី អំណោយលោកស្រី ហេង ពៅ និងអំណោយលោក លី សេងហុង។
លោកក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងតំណាងក្រុមគ្រួសារនៃសព សូមក្រាបថ្វាយបង្គំ និងអរព្រះគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្ទព្រះរាជហឫទ័យប្រោសប្រទាន ព្រះរាជអំណោយជូនដល់កូនចៅ ក្រុមគ្រួសារសព និងសូមសម្ដែងនូវការគោរពថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា ជូនដល់គ្រួសារយោធិនពលីទាំង ២០រូប៕