ព្រះសីហនុ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកម្មករ រាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសប្ដេជ្ញា ធ្វើឲ្យបាននូវគម្រោង ព្រែកជីកហ្វូណនតេជោ ទោះបីជាមានការរារាំង ពីបណ្តាប្រទេសមួយចំនួន ក៏ដោយ ខណៈរាជរដ្ឋាភិបាល មិនបង្កើតមូលនិធិ សម្រាប់គម្រោងនេះឡើយ ។
បើតាមសម្ដេចធិបតី គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងបើកការរដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។
«ចំពោះព្រែកជីកហ្វូណន ដាច់ខាតត្រូវតែធ្វើឲ្យបាន គេសួរខ្ញុំហើយ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទីមួយរាជរដ្ឋាភិបាល អត់មានគម្រោង ដើម្បីរ៉ៃអង្គាសពីបងប្អូនទេ ។ មានបងប្អូនខ្លះ គាត់ចង់បង្កើតមូលនិធិ បង្កើតកុង ដើម្បីទទួលយកថវិកា ពីប្រជាពលរដ្ឋ ព្រោះបងប្អូនខ្លះគាត់ចង់បរិច្ចាគ»។ នេះជាប្រសាសន៍សម្តេចក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃ១ ឧសភា។
សម្ដេចធិបតីបានសង្កេតឃើញថា ទោះបីប្រទេសខ្លះ និងបុគ្គលហាក់សម្តែងការរារាំង ប៉ុន្តែមានសន្ទុះយ៉ាងច្រើន ពីប្រជាពលរដ្ឋគាំទ្រ គម្រោងព្រែកជីកហ្វូណន។ លើសពីនេះ សម្ដេចថា កាលពីថ្ងៃ៣០មេសា សម្ដេច បានជួបអ្នកវិភាគម្នាក់ គាត់បានលើកឡើងថា «មិនដែលឃើញ គម្រោងណាមួយ មានចលនាជាតិនិយម នៅពីក្រោយ ពីគម្រោងគម្រោង ព្រែកជីកហ្វូណននេះទេ»។
ឆ្លើយតបការចោទថា កម្ពុជាខ្ចីលុយចិន ដើម្បីជីកព្រែកហ្វូណនតេជោ សម្ដេចនាយករដ្ឋមន្ត្រីថា កម្ពុជា គឺចាប់ដៃគូរ ជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីយកថវិកាជីកព្រែកជីកហ្វូណន មិនមែនខ្ចីលុយរដ្ឋចិន ដើម្បីមកជីកទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋគ្រប់ទើសទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិត ផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាននាពេលអនាគត។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខ កាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។
គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លង កាត់ទន្លេផ្សេងៗទៀត ផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕