ព័ត៌មានជាតិ

លោក ប្រាក់ សាវ័ន្ត ជួយស្តាបាតអាងទំនប់ទឹក និងស្រះរួម របស់ប្រជាសហគមន៍ នៅឃុំត្រាំកក់ ដើម្បីឆ្លើយតបតម្រូវការទឹកប្រើប្រាស់របស់បងប្អូន

តាកែវ៖ លោក ប្រាក់ សាវ័ន្ត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកត្រាំកក់ ទទួលបន្ទុកឃុំត្រាំកក់ ក្រោមការចង្អុលបង្ហាញ ឧបត្ថម្ភ និងជួយជ្រោមជ្រែងពីសំណាក់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយមានការសហការណ៍ជាមួយ លោកមេភូមិ លោកមេឃុំ ព្រមទាំងសមាជិកក្រុមការងារ បានរួមគ្នាស្ដាបាតអាងទំនប់ទឹកគល់គម ដែលមានផ្ទៃដីទំហំជាង៨ហិកតា តាមសំណូមពររបស់ប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិគល់គម និងភូមិត្រពាំងឫស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សរុបចំនួន២៥២គ្រួសារ ដែលកំពុងខ្វះទឹកប្រើប្រាស់។

ជាមួយគ្នានេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក ប្រាក់ សាវ័ន្ត ក៏បានអញ្ជើញចុះទៅពិនិត្យស្រះរួម «ម៉ឺនតាង» ដែលមានទំហំ៣ហិតា នៅសហគមន៍ភូមិត្រពាំងចក ឃុំត្រាំកក់ អមដំណើរដោយ ប្រធានមន្ទីររ៉ែថាមពល,ប្រធានសហគមន៍ លោកមេភូមិ លោកមេឃុំ រួមជាមួយក្រុមប្រឹក្សាឃុំផងដែរ។ បន្ទាប់មក លោកបានអញ្ជើញបន្តដំណើរ ចុះទៅពិនិត្យទីតាំងដាំបន្លែធម្មជាតិរបស់ប្រជាសហគមន៍ភូមិត្រពាំងចក។

តាមរយៈលោក ប្រាក់ សាវ័ន្ត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកត្រាំកក់ ទទួលបន្ទុកឃុំត្រាំកក់ លោកឧកញ៉ា វីរៈ ប៊ុនថាំ និងក្រុមហ៊ុន យ៉ាម៉ាតុគ្រីន របស់ជប៉ុន ដែលបានជួបជាមួយប្រធានសហគមន៍ដាំបន្លែ សម្រេចជួយស្តាស្រះរួម «ម៉ឺនតាង» ដោយបន្ថែមរៀបចំប្រព័ន្ធទុយោទឹក ស្រោចស្របបន្លែ ចំនួន៤២០ដំបូល។ រីឯបន្លែ ដែលប្រជាសហគមន៍បង្ករបង្កើនផលបាន លោកឧកញ៉ា វីរៈ ប៊ុនថាំ និងប្រមូលទិញទាំងអស់ សម្រាប់នាំចេញយកទៅលក់នៅទីផ្សារក្រៅប្រទេស ដែលជាបន្លែធម្មជាតិរបស់ខ្មែរយើង។

ទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់លោក ប្រាក់ សាវ័ន្ត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកត្រាំកក់ ទទួលបន្ទុកឃុំត្រាំកក់ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់បំផុត ពីសំណាក់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ។

លោក ប្រាក់ សាវ័ន្ត ជានិច្ចជាកាល តែងតែចុះជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពិនិត្យមើលជីវភាព និងការរស់នៅរបស់បងប្អូន ពិសេសតម្រូវការចាំបាច់របស់ពួកគាត់។ ជាក់ស្តែងស្រះរួម «ម៉ឺនតាង» និង អាងទំនប់ទឹកគល់គម ដែលរីងស្ងួត ត្រូវបានស្តា ដើម្បីជាប្រយោជន៍រួមរបស់បងប្អូន ក្នុងតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃ ៕

To Top