ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស័យឯកជននិងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ត មួយឱ្យបានជោគជ័យ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព លោកទុន សុភ័ណ និងឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លោក​រដ្ឋមន្រ្តី​ បានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និងនិយោជិតដែលតំណាងដោយសហជីព បន្តស្វែងយល់ពីតួនាទីនិងភារកិច្ចរៀងខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែកនិងពិភាក្សាគ្នាដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើគោរពច្បាប់ស្តីពីការងារក្នុងការការពារប្រយោជន៍ភាគីទាំងសងខាងព្រោះភាគីទាំងពីរជាឈ្នាន់ដ៏សំខាន់ក្នុងការកសាងភាពសុខុដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះ តួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករនិយោជិត និងនិយោជកឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។

នៅចំពោះមុខអង្គការវិជ្ជាជីវៈនិងអ្នកចូលរួម៣៥២នាក់ លោករដ្ឋមន្ត្រី បានពន្យល់លំអិតពីអនុឡោមភាពទាំង៨ចំណុចដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃលើក្នុងកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានពន្យល់ពីសារសំខាន់និងភាពចាំបាច់នៃការអនុវត្តឱ្យជោគជ័យនៃកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករ និយោជកឱ្យកាន់តែប្រសើរបន្ថែម និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជាដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរដែលគ្រប់គ្នានឹងទទួលបានផលភាគនៃភាពរីកចម្រើននេះ។

ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ដោយមិនត្រឹមគ្រាន់តែទាក់ទាញអ្នកវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើនរបស់ភាគីទាំងសងខាងដែលទាមទារឱ្យមានការចូលរួមពីភាគីកម្មករនិយោជិត ឬសហជីព និយោជក និងរាជរដ្ឋាភិបាលដែលជាធាតុមិនអាចខ្វះបានដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕

To Top