ព័ត៌មានជាតិ

សមាជិក អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ប្រមាណជិត៥០០នាក់ ប្រមូលផ្តុំគ្នា អបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ភ្នំពេញ៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បង្ហាញពីចក្ខុវិស័យមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ដែលបានថ្លែងក្នុងការប្រមូលផ្តុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។

ប្រធាន អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកដើម្បីចូលរួមបង្កើត ភាពសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រសហគ្រាស។

លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានាផងដែរ។

បន្ថែមពីនេះ លោក តុល ផាន់មឿង ក៏មិនភ្លេចរំលេចពីវឌ្ឍនភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចំពោះអនុសាសន៍ចំនួន១០ចំណុច ដែលរួមមានការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាព សម្រាប់សមាជិកក្នុងបន្ទុក ការផ្តល់ឱកាសឱ្យសិក្សាជំនាញបច្ចេកទេស ការប្រែក្លាយសហគ្រាសមួយ ទៅជាសហគមន៍សុខសាន្តមួយ គម្រោងបង្កើតទារកដ្ឋាន ឬមត្តេយ្យសហគមន៍នៅតាមតំបន់រោងចក្រ ជំរុញឱ្យមានអាហារដ្ឋានសមរម្យ និងមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាពជាដើម។

ដោយឡែកលោក សាន គឹមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមក្នុងកម្មវិធីប្រារព្ឋទិវាពលកម្មអន្តរជាតិ១ឧសភាដែរនោះ បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» មានសារសំខាន់ណាស់ សម្រាប់បង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាសរោងចក្រ នៅទូទាំងប្រទេស ហើយនេះក៏ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបន្ថែមថា គោលនយោបាយប្រែក្លាយសហគ្រាសមួយ សហគមន៍សុខសាន្តមួយ នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានការចូលរួមពីសំណាក់បងប្អូន កម្មករ និងភាគីពានិងសហជីព និងភាគីនិយោជក រួមទាំងភាគីពាក់ព័ន្ធ៕

To Top