ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា មិនចាំបាច់ផលិត ឧទ្ធម្ភាគចក្រទេ តែកម្ពុជាអាចផលិត ផ្នែកណាមួយ នៃឧទ្ធម្ភាគចក្រក៏បាន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនចាំបាច់ផលិត ឧទ្ធម្ភាគចក្រទាំងមូលនោះទេ ប៉ុន្តែកម្ពុជាត្រូវគិតគូរលើការផលិតផ្នែកណាមួយនៃឧទ្ធម្ភាគចក្រ ដើម្បីបង្កើនផលិតភាពរបស់ខ្លួន។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកថ្ងៃ២ ឧសភា សម្ដេចធិបតីគូសបញ្ជាក់ថា «កម្ពុជា អត់ចង់ចាំបាច់ត្រូវការផលិត ទាំងមូលនៅកម្ពុជាទេ តែយើងអាចផលិត ចាប់ពីផ្នែកណាមួយនៃធាតុផ្សំ។ កម្ពុជា មិនចាំបាច់ផលិតឧទ្ធម្ភាគចក្រទេ តែផ្នែកណាមួយ នៃឧទ្ធម្ភាគចក្រ យកមកផលិតនៅកម្ពុជា សម្បីពូកមួយ ឬខ្សែក្រវ៉ាត ក៏អាចបង្កើនផលិតភាពរបស់យើង»។

សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រួលកិច្ចការងារ ច្រើនអាណត្តិមកហើយ ក្នុងការជំរុញការវិនិយោគ ជាពិសេស ជំរុញ វិស័យបច្ចេកវិទ្យាឌីជីថល។ ទន្ទឹមនឹងនេះ សម្ដេចក៏បានជំរុញក្រសួង-ស្ថាប័ន អាជ្ញាធរ និងអង្គភាពផ្ដល់ សេវាសាធារណៈ ត្រូវបន្ដយកចិត្តទុកដាក់ និងផ្ដល់កិច្ចការសហការ និងការគាំទ្រឲ្យបានល្អ ដល់កិច្ចដំណើរការ ដល់ការវិនិយោគនានា នៅកម្ពុជា ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តដល់និយោគជិត ត្រូវខិតខំប្រឹងប្រែង បំពេញការងារឲ្យអស់សមត្ថភាព និងព្យាយាមក្រែបជញ្ជក់ចំណេះដឹង បច្ចេកវិទ្យា និង បទពិសោធន៍ការងារល្អពីក្រុមហ៊ុន ដើម្បីបំនិនជីវិត និងឈានទៅបង្កើនជំនាញ កាន់តែខ្ពស់ថែមទៀត ៕

To Top