ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឲ្យក្រុមហ៊ុនដំឡើង រថយន្ត តូយ៉ូតា ពិនិត្យលទ្ធភាព ប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម មានស្រាប់នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាណែនាំឲ្យក្រុមហ៊ុនដំឡើងរថយន្ត តូយ៉ូតារបស់ជប៉ុន សិក្សានិងពិនិត្យលទ្ធភាព ប្រើប្រាស់គ្រឿងបង្គំ សម្ភារៈ និងឧបករណ៍មួយចំនួនដែលជាផលិតផល និងវត្ថុធានដើមដែលមានស្រាប់នៅកម្ពុជា តួយ៉ាងកម្ពុជាមានឧស្សាហកម្មកៅស៊ូ និងសង្វាក់ផលិតកម្មគ្រឿងបង្គំដូចជា ពូកអង្គុយដែលមានគុណភាព និងផលិតផល ជាច្រើនទៀត ក្នុងចំណោមផលិតផលជាច្រើនមុខ សម្រាប់យកមកផលិត ចេញជារថយន្តមួយគ្រឿងៗ ។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរ ការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកថ្ងៃ២ ឧសភា សម្តេចធិបតី គូសបញ្ជាក់ថា “បន្តពិនិត្យនូវសក្តានុពលបន្ថែមទៀត ទន្ទឹមនឹងការនាំចូលសម្ភារៈឧបករណ៍ សម្រាប់ដំឡើងយាន្តយន្ត សូមពិនិត្យផលិតភាព ពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក” ។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “កិច្ចការនេះ គឺជាកិច្ចការសំខាន់យើងចាប់ផ្តើមដំបូងដំឡើង យើងយកធាតុផ្សំក្រៅច្រើន ប៉ុន្តែទៅថ្ងៃមុខ នៅពេលដែលយើងមានលទ្ធភាពធ្វើ ព្រោះក្រុមហ៊ុនរថយន្តមួយ រថយន្តមួយគ្រឿង ត្រូវការគ្រឿងបន្លាស់រាប់ពាន់មុខ សូមឲ្យពិនិត្យមើល នៅក្នុងការបង្កើតរោងចក្រ ដែលជាគេថា backward linkage ភ្ជាប់មកខាងក្រោម យើងអាចឈាន ទៅដល់ការជំរុញ បើកឱកាសឲ្យក្រុមហ៊ុនផលិត ខ្ចៅទំនើបសម្រាប់ផ្គត់ផ្គង់ ផលិតគ្រឿង ពូក ធ្វើពូក ជូនរថយន្តនៅទីនេះ មិនបាច់នាំពីក្រៅ” ។

ក្នុងនោះសម្តេចធិបតីបន្ថែមថា “បើបង្កើតសិប្បកម្មផ្សេងៗទៀត ដែលមានលក្ខណៈ ចឹងក្នុងប៉ុន្មានរយមុខអាចផលិតមើល ។ បើថាក្រុមហ៊ុនមិនចាំបាច់ធ្វើខ្លូនឯងទេ ចាប់ដៃគូជាមួយនឹងក្រុមហ៊ុននៅក្នុងស្រុក សិប្បកម្មនៅក្នុងស្រុកដែលផលិត ។ ព្រោះជួនកាលផលិតពូក ផលិតអីសម្រាប់រថយន្តនេះ អាចមើល ក្រុមហ៊ុនណា ដែលគាត់អាចធ្វើបាន ហើយនេះគឺជាកិច្ចការ ដែលខ្ញុំនិយាយ មិនត្រឹមតែពង្រីកធនធានមនុស្សទេ តែអាចពង្រីក អាចពិនិត្យទៅជា EcoSystem សម្រាប់ថ្នាល់ បណ្តុះបណ្តាល បូកជាមួយនឹងការជួយ នៅក្រុមហ៊ុនដៃគូតូចៗ របស់យើង ក្នុងការជួយផ្គត់ផ្គង់”៕

To Top